ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត លី ធុជ ស្នើឱ្យប្រទេសទាំងអស់នៅក្នុងតំបន់ប៉ាស៊ីហ្វិក ចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្ពោះសម្រេច តំបន់ប៉ាស៊ីហ្វិក ទាំងមូល គ្មានការគំរាមកំហែងដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្រ្គាម

26


ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានស្នើឱ្យប្រទេសទាំងអស់នៅក្នុងតំបន់ប៉ាស៊ីហ្វិក ចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្ពោះសម្រេច តំបន់ប៉ាស៊ីហ្វិក ទាំងមូល គ្មានការគំរាមកំហែងដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្រ្គាមនានា ។
ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើសុំបែនេះខណៈឯកឧត្ដម ជួបប្រជុំទ្វេភាគីជាមួយ លោកJohnny Hadley លេខាទី១ នៃស្ថានតំណាងអចិន្ត្រៃយ៍ប្រទេសមីក្រូនេស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ។
ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើឱ្យ ប្រទេសមីក្រូនេស៊ី បោះឆ្នោតគាំទ្រសេចក្តីសម្រេចអង្គការសហប្រជាជាតិ ស្តីពី ការអនុវត្តអនុសញ្ញាអូតាវ៉ា ចូលរួមក្នុងសកម្មភាពរបស់អនុ សញ្ញា និងពិចារណាចូលជារដ្ឋភាគី នៃអនុសញ្ញា។
នាឱកាសនៃជំនួបទ្វេភាគីនេះ ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ថា៖ កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា ចង់ឱ្យប្រទេសទាំងអស់នៅក្នុងតំបន់ប៉ាស៊ីហ្វិក ចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ដើម្បីឆ្ពោះសម្រេចបានតំបន់ប៉ាស៊ីហ្វិកទាំងមូល គ្មានការគំរាមកំហែងដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្រ្គាមនានា។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានស្នើដល់ប្រទសមីក្រូនេស៊ី លើកទឹកចិត្តដល់ប្រទេសពីរផ្សេងទៀតនៅក្នុងតំបន់ប៉ាស៊ីហ្វិក រួមមាន តុងហ្គា និងកោះម៉ាសាល់ ឱ្យចូលរួមក្នុងសកម្មភាពរបស់អនុសញ្ញា និងចូលជារដ្ឋភាគី ផងដែរ។
លោក Johnny Hadley បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា និងបង្ហាញពីឆន្ទៈចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងគោលការណ៍របស់អនុសញ្ញាអូតាវ៉ា ដោយលោកនឹងលើកសំណើរបស់កម្ពុជា បន្តទៅកាន់រដ្ឋាភិបាលរបស់មីក្រូនេស៊ី និងបានលើកឡើងអំពីសកម្មភាពខ្លះៗ ដែលលោកអាចធ្វើបាន ដើម្បីបង្កើនកិច្ចសហការជាមួយប្រទេសមីក្រូនេស៊ី តុងហ្គា និងកោះម៉ាសាល់ និងលើកទឹកចិត្តដល់ប្រទេសទាំងបី ពិចារណាចូលរួមគាំទ្រអនុសញ្ញាអូតាវ៉ា និងចូលជារដ្ឋភាគី ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង