ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និងសហរដ្ឋអាមេរិក នឹងបន្តកិច្ចសន្ទនាដោយបើកចំហរ និងពង្រឹងកិច្ចសហប្រតិបត្តិការយោធា

24

ភ្នំពេញ៖នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ Timothy J. Donnellan មេបញ្ជាការកងកម្លាំងឆ្មាំការពារជាតិ រដ្ឋអាយដាហូ (IDAHO NATIONAL GUARD) នៅទីបញ្ជាការកងទ័ពជើងគោក។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការជាច្រើន ហើយតាមរយៈដំំណើរទស្សនកិច្ចរបស់ ឯកឧត្តម Lloyd James Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក នៅកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២៤ គឺជាការបោះជំហានថ្មីបន្ថែមក្នុងការកសាងទំនុកចិត្តនិងការជឿជាក់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យការពារជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ Timothy J. Donnellan បានមានប្រសាសន៍ថា –  សហរដ្ឋអាមេរិក និងកម្ពុជា គឺជាដៃគូរដ៏ល្អ និងសំខាន់ ដែលចាប់តាំងពីឆ្នាំ២០០៩មក អាមេរិកបានធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការងារប្រតិបត្តិការរក្សាសន្តិភាព មនុស្សធម៌ សង្រ្គោះគ្រោះមហន្តរាយ ហើយសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ នឹងកាន់តែរីការចម្រើន តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការហ្វឹកហ្វឺន ការធ្វើលំហាត់រួមគ្នា ការចែករំលែកបទពិសោធន៍ ពាក់ព័ន្ធការងារបោសសម្អាតមីន និងសង្រ្គោះគ្រោះមហន្តរាយ។
នៅក្រោយបញ្ចប់នៃជំនួប ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានបន្តនាំ ឯកឧត្តម ឧត្តមសេនីយ៍ទោ Timothy J. Donnellan និងប្រតិភូ ទស្សនាអតីតមន្ទីរឃុំឃាំងបណ្តោះអាសន្ន របស់អតីតមេដឹកនាំខ្មែរក្រហម នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង