ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនធ្វើប្រតិបត្តិការល្បាតក្បែរតំបន់ថ្មប៉ប្រះទឹកមានវិវាទ ខណៈហ្វីលីពីនធ្វើសមយុទ្ធយោធារួមគ្នាជាមួយ អាមេរិក អូស្រ្តាលី នូវែលសេឡង់ និងជប៉ុន នៅសមុទ្រចិនខាងត្បូង

12


ប៉េកាំង៖នៅថ្ងៃសៅរ៍នេះ កងទ័ពជើងទឹក និងជើងអាកាសរបស់ចិន បានធ្វើបេសកកម្មល្បាត នៅក្បែរតំបន់ថ្មប៉ប្រះទឹក ដែលមានបញ្ហាវិវាទ ក្នុងសមុទ្រចិនខាងត្បូង ខណៈក្នុងថ្ងៃដដែលនេះ អូស្រ្តាលីនិងហ្វីលីពីន បាននិយាយថា ពួកគេកំពុងធ្វើសមយុទ្ធយោធារួមគ្នា ជាមួយជប៉ុន នូវែលសេឡង់ និងសហរដ្ឋអាមេរិក នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ហ្វីលីពីន ដែលស្ថិតនៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤។
ប្រហែលជាង១ឆ្នាំមកនេះ ចិននិងហ្វីលីពីនបានជួបហេតុការណ៍ប្រឈមមុខដាក់គ្នា កាន់តែញឹកញាប់ខ្លាំងឡើងៗ ជុំវិញតំបន់មានជម្លោះ នៅសមុទ្រចិនខាងត្បូង រួមមានទាំងតំបន់ថ្មប៉ប្រះទឹក Scarborough Shoal។ យោធាចិនបាននិយាយថា នៅថ្ងៃសៅរ៍នេះ ខ្លួនបានធ្វើប្រតិបត្តិការល្បាតដែនសមុទ្រនិងអាកាស នៅទីនោះ។ តំបន់ថ្មប៉ប្រះទឹកនោះ ដែលចិនហៅថា Huangyan ស្ថិតនៅចម្ងាយ២៥០គីឡូម៉ែត្រ ពីភាគខាងលិចកោះ Luzon របស់ហ្វីលីពីន និងចម្ងាយជិត ៩០០គីឡូម៉ែត្រពីកោះ Hainan របស់ចិន។
ទោះជាបែបនេះក្តី ចិនអះអាងថា ខ្លួនមានសិទ្ធិអធិបតេយ្យដែលមិនអាចប្រកែកបាន លើតំបន់ថ្មប៉ប្រះទឹក Huangyan និង ដែនទឹកនៅជុំវិញនោះ។ យោធាចិនបានលើកឡើងថា ប្រទេសមួយចំនួននៅក្រៅតំបន់ កំពុងតែព្យាយាមមកបង្កើតបញ្ហា នៅសមុទ្រចិនខាងត្បូង និងបង្កអស្ថិរភាពក្នុងតំបន់។ ក្រសួងការពារជាតិអូស្រ្តាលី នៅថ្ងៃសោរ៍នេះ បាននិយាយថា ការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយហ្វីលីពីន ជប៉ុន នូវែលសេឡង់ និងអាមេរិក បង្ហាញពីការប្តេជ្ញារួមរបស់ពួកគេ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិ ដើម្បីគាំទ្រដល់តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកមួយ ដែលមានសន្តិភាព ស្ថិរភាព និងវិបុលភាព។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ នាវាយោធាជប៉ុន អូស្រ្តាលី និងនូវែលសេឡង់ បានធ្វើដំណើររួមគ្នាឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់ ដែលត្រូវចិនចាត់ទុក ស្ថិតក្រោមយុត្តាធិការរបស់ខ្លួន ដ្បិតកោះតៃវ៉ាន់ ត្រូវទីក្រុងប៉េកាំង ចាត់ទុកជាផ្នែកនៃទឹកដីរបស់ចិន។ យ៉ាងណាមិញ អាមេរិកនិងតៃវ៉ាន់ បានប្រកែកថា ច្រកសមុទ្រតៃវ៉ាន់ ដែលជាច្រកដឹកជញ្ជូនពាណិជ្ជកម្មដ៏សំខាន់មួយ របស់ពិភពលោក គឺជាផ្លូវទឹកអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង