ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ អញ្ជើញកាន់បិណ្ឌទី១៣ នៅវត្តបទុមវតីរាជវរារាម

13

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឧត្ដមភរិយារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ព្រមទាំងក្រុមគ្រួសារ កូនចៅ ថ្នាក់ដឹកនាំអមដំណើរ សហការីកាកបាទក្រហមកម្ពុជា អាជ្ញាមូលដ្ឋាន និងពុទ្ធបរិស័ទ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែភក្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញកាន់បិណ្ឌទី១៣ នៅវត្តបទុមវតីរាជវរារាម ហៅកាត់ថា វត្តបទុមវតី ឬ វត្តបទុម រាជធានីភ្នំពេញ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ វេរប្រគេនព្រះសង្ឃ ក្នុងឱកាសកាន់បិណ្ឌទី១៣ នៅវត្តបទុមវតីរាជវរារាម។ ការអញ្ជើញកាន់បិណ្ឌនាពេលនេះ គឺស្របពេលដែលប្រជាពលរដ្ឋជាពុទ្ធសាសនិកជន ទូទាំងប្រទេសកម្ពុជា កំពុងចូលរួមសប្បាយ រីករាយប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការនាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ ទៅវេរប្រគេន ព្រះសង្ឃនៅគ្រប់ទីអារាមទូទាំងប្រទេស ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក។

សម្រាប់ទេយ្យវត្ថុ និងបច្ច័យ ដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចតេជោ ហ៊ុនសែន បានវេរប្រគេនព្រះសង្ឃ រួមមានដូចជា៖ អង្ករ ១០០គីឡូក្រាម, មី ២កេសធំ (ក្នុងនោះ ១កេស មាន ៦កេសតូច), ត្រីខ ៣កេស, ទឹកក្រូច ៧០កេស, ទឹកផ្លែឈើ ៣០កេស (ក្នុងនោះមានទឹកត្រឡាច, ទឹកគូលេន, ទឹកសណ្តែក), មៀនកំប៉ុង ២កេស, ទឹកបរិសុទ្ធអារុណា ១១០កេស, ទឹកដោះគោខាប់ ២កេស, កាកាវ ២កេស, នំចិន ១កន្ដ្រក, ស្ករស ៥គីឡូក្រាម, តែ ៥គីឡូក្រាម, ត្រីងៀត ១០គីឡូក្រាម, សាច់ក្រក ១០គីឡូក្រាម និងបច្ច័យ ៤៥លានរៀល ។ជាមួយគ្នានេះសម្រាប់ថ្នាក់ដឹកនាំអមដំណើរ និងសហការីកាកបាទក្រហមកម្ពុជា ជាពុទ្ធបរិស័ទ ក៏បានចូលរួមបច្ច័យក្នុងបិណ្ឌទី១៣នេះផងដែរ ដែលមានចំនួន ១៦,៣០០ដុល្លារ នឹង៩,៧០០,០០០រៀលបន្ថែមទៀត។

ក្នុងឱកាសនោះ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះសមាជិកអធិបតីកិត្តិយស ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានសម្ដែងនូវក្ដីសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចតេជោ ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសុខុមាលភាពរបស់ព្រះសង្ឃ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ហើយជាពិសេសតែងតែជួយសម្រាលការលំបាកដល់ព្រះសង្ឃ ដែលគង់នៅក្នុងវត្ត ក៏ដូចជាព្រះសង្ឃកំពុងបំពេញវិជ្ជានៅតាមវត្ដអារាមនានា។

សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន បានកោតសរសើរចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានជូនពរសព្ទសាធុការដល់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រីធីតា និងចៅៗ សូមជួបប្រទះនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ទន្ទឹមនឹងនោះ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សូមឧទ្ទិសមហាកុសលផលបុណ្យនាថ្ងៃនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន, លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ប្អូនស្រីបង្កើតសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង កុមារ ហ៊ុន កំសត់ កូនប្រុសបង្កើត សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងឧទិ្ទសមហាកុសល ជូនដួងវិញ្ញាណក្ខ័ន្ធ ជីដូន ជីតា និងញាត្ដិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់បរលោក។

សូមជម្រាបថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលប្រជាជនកម្ពុជា ប្រសិទ្ធនាមថា «មាតាមនុស្សធម៌» គឺជាកុលធីតាខ្មែរដ៏គំរូមួយរូប ទាំងក្នុងសកម្មភាពការងារមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា ហើយក៏ជាពុទ្ធសាសនិកមួយរូប ដែលតែងតែទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ, ជាក់ស្ដែងនៅក្នុងឱកាសកាន់បណ្ឌិទី ១ រហូតដល់បណ្ឌិទី១៣ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់តំណាងនាំយកនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃ ចំនួន១៤វត្ដ រួមមានដូចជា វត្ដក្របៅ ,វត្ដតាខ្មៅ, វត្ដក្រពើហា, វត្ដព្រែកសំរោង, វត្ដព្រែកឬស្សី, វត្ដមុន្នីប្រសិទ្ធិវង្ស, វត្ដគោកអម្ពិល, វត្ដឧណ្ណាលោម និងវត្ដច័ន្ទបុរីវង្ស, វត្ដលង្កាព្រះកុសុមៈរាម, វត្ដរលាំងកំពូល ខេត្ដកំពង់ស្ពឺ, វត្ដប្រសិទ្ធត្រៃត្រឹង វត្ដចំពុះក្អែក និងវត្តបទុមវតីរាជវរារាម ដែលបានប្រព្រឹត្ដទៅនាថ្ងៃនេះ។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញាដល់ថ្ងៃទី៣ ខែតុលា៕

អត្ថបទដែលជាប់ទាក់ទង