ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តើអ៉ីស្រាអែល មានប្រព័ន្ធការពារដែនអាកាសអ្វីខ្លះ ទប់ទល់នឹងការវាយប្រហារពីអ៉ីរ៉ង់?

17

ហ្ស៊េរុយសាឡិម៖យោធាអ៉ីស្រាអែល បានអះអាងថាអ៉ីរ៉ង់បានបាញ់មីស៊ីលបាលិស្ទីគ១៨០គ្រាប់ ចូលក្នុងទឹកដីអ៉ីស្រាអែល កាលពីយប់ថ្ងៃអង្គារ ទី១ ខែតុលា ហើយ ភាគច្រើននៃមីស៊ីលទាំងអស់នេះត្រូវបានស្ទាក់បំផ្លាញដោយប្រព័ន្ធការពារដែនអាកាស ខណៈកងទ័ពជើងទឹកអាមេរិកនៅក្នុងតំបន់ក៏បានជួយបាញ់ស្ទាក់បំផ្លាញមីស៊ីល រាប់សិបគ្រាប់របស់អ៉ីរ៉ង់ផងដែរ។

ប៉ុន្តែ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់វិញ បានអះអាងថា៩០ភាគរយនៃមីស៊ីលរបស់ខ្លួនបានវាយប្រហារចំគោលដៅ ហើយខ្លួនក៏បានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Fattah ជាលើក ដំបូងផងដែរនៅក្នុងការវាយប្រហារលើអ៉ីស្រាអែល ដើម្បីជាការសងសឹកឱ្យវិញ្ញាណក្ខន្ធរបស់មេដឹកនាំហាម៉ាសលោក Ismail Haniyeh មេដឹកនាំហេសបូឡា លោក Hassan Nasrallah និងមេបញ្ជាការអ៉ីរ៉ង់ លោក Nilforoshan ដែលសុទ្ធតែត្រូវបានអ៉ីស្រាអែលសម្លាប់។

តើអ៉ីស្រាអែលមានប្រព័ន្ធការពារដែនអាកាសអ្វីខ្លះ?

នៅពេលនិយាយដល់ប្រព័ន្ធការពារដែនអាកាសរបស់អ៉ីស្រាអែល មនុស្សគ្រប់គ្នាប្រាកដជាគិតមុនគេទៅដល់ Iron Dome ដែលជាប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើប បំផុតរបស់អ៉ីស្រាអែល។ Iron Dome បានស្ទាក់ចាប់បំផ្លាញគ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់បាញ់ចេញពីក្រុមហេសបូឡា និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីឆ្នាំ២០១១មក។ ប្រព័ន្ធខែលប្រឆាំងមីស៊ីលនេះ អភិវឌ្ឍឡើងដោយក្រុមហ៊ុនអ៉ីស្រាអែល Rafael Advanced Defense Systems និងសហការផលិត ជាមួយក្រុមហ៊ុនអាមេរិក Raytheon Technologies ចាប់តាំងពីឆ្នាំ២០១៤។ Iron Dome មានសមត្ថភាពបាញ់កម្ទេចមីស៊ីល ឬគ្រាប់រ៉ុក្កែត និងដ្រូនជាមួយ រយៈចម្ងាយខ្លីចាប់ពី៤ ទៅ៧០គីឡូម៉ែត្រ។ កងទ័ពអ៉ីស្រាអែលបានអះអាងថា Iron Dome អាចស្ទាក់បំផ្លាញអាវុធទាំងនេះ ក្នុងអត្រា ៩០ភាគរយ មុនពេលពួកវាហោះតម្រង់ទៅរកតំបន់ទីប្រជុំជន។ យោធាអ៉ីស្រាអែលកាលពីខែមេសាកន្លងទៅ បានប្រកាសថាប្រព័ន្ធខែលប្រឆាំងមីស៊ីលមួយដែលជាកំណែថ្មីនៃ Iron Dome មានឈ្មោះថា C-Dome ត្រូវបានដាក់ឱ្យប្រើប្រាស់ ដើម្បីទប់ស្កាត់ការវាយប្រហារពីក្រុមហេសបូឡាប្រឆាំងនឹងកន្លែងរុករកប្រេង ឬកប៉ាល់របស់អ៉ីស្រាអែល។

David’s Sling៖ ក្នុងឆ្នាំ២០១៧ អ៉ីស្រាអែលបានដំឡើងប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយពីមធ្យម ទៅរយៈចម្ងាយឆ្ងាយដែលគេស្គាល់ថា David’s Sling។ David’s Sling ជាប្រព័ន្ធខែល ប្រឆាំងមីស៊ីល ត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Rafael និង Raytheon ហើយមានសមត្ថភាពចាប់សញ្ញា និងកម្ទេចមីស៊ីលបាលិស្ទីគ គ្រូសមីស៊ីល រួមទាំងដ្រូន នៅរយៈចម្ងាយ ២០០គីឡូម៉ែត្រ។ រយៈចម្ងាយនេះ គឺគ្របដណ្ដប់ទាំងមូលលើភាគខាងត្បូងប្រទេសលីបង់ ព្រមទាំងតំបន់ហ្កាហ្សា។

Arrow៖ អ៉ីស្រាអែលមានប្រព័ន្ធខែលប្រឆាំងមីស៊ីល Arrow ដែលផ្សំឡើងពីប្រព័ន្ធ Arrow 2 និង Arrow 3។ ក្រុមអ្នកអភិវឌ្ឍបាននិយាយថាប្រព័ន្ធខែលប្រឆាំងមីស៊ីល Arrow អាចស្ទាក់បំផ្លាញ មីស៊ីល ក្នុងរយៈចម្ងាយដល់ទៅ ២៤០០គីឡូម៉ែត្រ។ កាន់តែពិសេសទៅទៀតនោះ គឺ Arrow អាចបាញ់កម្ទេចមីស៊ីលនៅលើបរិយាកាស ផែនដីជាទីដែលមីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយ ចំណាយពេលមួយផ្នែកត្រូវហោះឆ្លងកាត់។ Arrow អាចនឹងត្រូវបានដាក់ឱ្យដំណើរការ ប្រសិនបើក្រុមហ៊ូទី និងចលនាប្រដាប់អាវុធផ្សេងទៀតគាំទ្រដោយអ៉ីរ៉ង់នៅស៊ីរី និងអ៉ីរ៉ាក់ បើកការវាយប្រហារលើអ៉ីស្រាអែល ដើម្បីជួយហេសបូឡា។

Iron Beam៖ យោធាអ៉ីស្រាអែល កំពុងធ្វើតេស្ដលើប្រព័ន្ធការពារដែនអាកាសស៊េរីថ្មីមួយមានឈ្មោះថា Iron Beam ដែលប្រើប្រាស់ឡាស៊ែរដើម្បីស្ទាក់ចាប់មីស៊ីល ឬដ្រូន ក្នុងរយៈចម្ងាយ ប្រហាក់ប្រហែលនឹង Iron Dome ដែរ តែចំណាយអស់តិចជាង។ Iron Beam ត្រូវបានគេរំពឹងថាអាចនឹងត្រូវដាក់ឱ្យប្រើនៅមុន ពាក់កណ្ដាលឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង