ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

«ភោជនីយដ្ឋានចល័ត» បទចម្រៀងរំលេចពីរបៀបដឹកនាំ របស់សម្តេចមហាបវរធិបតី ដែលតែងឆ្មក់ចុះមូលដ្ឋាន ដើម្បីបានព័ត៌មានពិតជាក់ស្តែង

11


ភ្នំពេញ៖ «ភោជនីយដ្ឋានចល័ត» ជាបទចម្រៀងមួយបទ ដែលបានគូសរំលេចពីរបៀបដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដែលតែងឆ្មក់ចុះមូលដ្ឋាន ដើម្បីបានព័ត៌មានពិតជាក់ស្តែង។
«ភោជនីយដ្ឋានចល័ត» ជាស្នាដៃនិពន្ធដោយកវីមនោសញ្ចេតនាបង្ហូរមិនរីងស្ងួត សុខ ជំនោរ ក្រោមទឹកដមសំឡេងក្រអួនអ្នកចម្រៀងវ័យក្មេង ពេជ្រ សុភួង។ បទចម្រៀងគ្រប់ការផលិតដោយឯកឧត្ដមគួច វែងស៊្រុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារព័ត៌មាន និងបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី។
«ភោជនីយដ្ឋានចល័ត» សម្តៅដល់បាយប្រអប់រំដែលសម្តេចមហាបវរធិបតី តែងតែបរិភោគតាមរថយន្ត ក្នុងពេលឆ្មក់ចុះទៅតាមមូលដ្ឋាន។ បាយប្រអប់មិនមែនជាមធ្យោបាយដែលសម្តេចមហាបវរធិបតី ជ្រើសសម្រាប់បរិភោគក្នុងពេលធ្វើជានាយករដ្ឋមន្ត្រីនោះទេ ក្នុងពេលកាន់ងារជាកងទ័ពសម្តេចមហាបវរធិបតី តែងតែបរិភោគផងដែរ ពេលចុះទៅបំពេញការងារតាមបណ្តាខេត្ត។
សូមបញ្ជាក់ថា ក្នុងឋានៈជានាយករដ្ឋមន្ត្រីដែលផ្តល់តម្លៃលើព័ត៌មានពិតជាក់ស្តែង មិនស្តាប់ត្រឹម របាយការណ៍នោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងបានឆ្មក់ចុះទៅតាមមូលដ្ឋានដោយមិនឱ្យមានមន្ត្រីមូលដ្ឋានដឹងមុនហើយក៏គ្មានការហែហមច្រើននោះដែរ។
ចុះពិនិត្យស្ថានភាពពលរដ្ឋនិងការងារដឹកនាំនៅតាមមូលដ្ឋានដោយស្ងាត់ៗរបស់សម្តេចមហាបវរធិបតី ជារបៀបការងារមួយនាំឱ្យមានការកត់សម្គាល់និងពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ ហើយអាជ្ញាធរមូលដ្ឋានក៏រឹតតែយកចិត្តទុកដាក់លើការងារបម្រើប្រជាពលរដ្ឋផងដែរ ព្រោះថាសម្តេចមហាបវរធិបតី ដ្បិតតែញញឹមស្រស់ តែមិនប្រណីចំពោះអ្នកអសកម្មក្នុងការងានោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង