ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ីស្រាអែល វាយប្រហារទីក្រុងបេរូតក្នុងការទម្លាក់គ្រាប់បែកខ្លាំងក្លាបំផុត

21

ហ្គាហ្សា៖កងកម្លាំងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ទៅលើជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut កាលពីយប់ថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យ។ ការវាយប្រហារនេះ ត្រូវបានគេចាត់ទុកថាជាការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតលើរដ្ឋធានីលីបង់ ចាប់តាំងពីអ៊ីស្រាអែលបានបង្កើនយុទ្ធនាការប្រឆាំងនឹងក្រុមហេសបូឡា កាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ០៦ ខែតុលា ឆ្នាំ២០២៤។
សាក្សី និងអ្នកវិភាគយោធាបាននិយាយថា ការវាយប្រហារនេះ គឺជាការវាយប្រហារដ៏ខ្លាំងក្លាបំផុតរបស់អ៊ីស្រាអែល ទៅលើទីក្រុង Beirut រហូតមកដល់ពេលនេះ។ កាល ពី ថ្ងៃ អាទិត្យ អ័ព្ទពណ៌ប្រផេះបានស្រោបពាសពេញទីក្រុង Beirut និងកម្ទេចកំទីបានរាយប៉ាយពេញផ្លូវនៅជាយក្រុងភាគខាងត្បូង។
អ្នកស្រុកម្នាក់ឈ្មោះ Hanan Abdullah បាននិយាយថា «យប់មិញគឺជាយប់ដ៏ហិង្សាបំផុត។ អាគារញ័រ ហើយដំបូងខ្ញុំគិតថាវាជារញ្ជួយដី។ មានការវាយប្រហាររាប់សិបដង យើងមិនអាចរាប់បានទាំងអស់»។
អ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនេះ គឺផ្តោតលើកន្លែងផ្ទុកអាវុធ និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡា។ អាជ្ញាធរលីបង់ មិនទាន់បានបញ្ជាក់ពីការខូចខាតនៅឡើយទេ។ ការវាយប្រហារនេះ ធ្វើឡើងមុនថ្ងៃគម្រប់ខួបនៃការវាយប្រហាររបស់ក្រុមហាម៉ាស ទៅលើភាគខាងត្បូងអ៊ីស្រាអែល កាលពីឆ្នាំមុន។
គោលដៅនៃការវាយប្រហាររបស់អ៊ីស្រាអែល គឺក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់។ ការវាយប្រហារនេះ បានសម្លាប់មនុស្សរាប់រយនាក់ និងបានជម្លៀសប្រជាជនជាងមួយលាននាក់។ អ៊ីស្រាអែលក៏បានទម្លាក់គ្រាប់បែក នៅជាយក្រុង Beirut ដែលជាបន្ទាយរបស់ហេសបូឡា និងបានសម្លាប់មេដឹកនាំរបស់ខ្លួន លោក Hassan Nasrallah។ មានព័ត៌មានថា អ្នកស្នងតំណែងរបស់ Nasrallah ក៏អាចត្រូវបានសម្លាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង