ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ីស្រាអែលបង្កើនការវាយប្រហារនៅហ្គាហ្សា ខណៈជម្លោះឈានចូលខួបមួយឆ្នាំ

10

ហ្គាហ្សា៖អ៊ីស្រាអែលបានបង្កើនការវាយប្រហារទៅលើហ្គាហ្សា នៅថ្ងៃចន្ទនេះ ដែលជាខួបមួយឆ្នាំនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។
ការវាយប្រហារថ្មីៗនេះ ផ្តោតលើក្រុមហាម៉ាស និងប៉ុស្តិ៍បញ្ជាការរបស់ពួកគេ។ ហាម៉ាស បានអះអាងថា បានបាញ់មីស៊ីល ទៅលើទីក្រុង Tel Aviv របស់អ៊ីស្រាអែល បណ្តាលឱ្យមានមនុស្សរងរបួសស្រាល។ ក្រុមជីហាតអ៊ីស្លាម ក៏បានអះអាងថា បានបាញ់រ៉ុក្កែត ទៅកាន់ទីក្រុងជាច្រើនរបស់អ៊ីស្រាអែលផងដែរ។
ជម្លោះនេះបានចាប់ផ្តើមកាលពីមួយឆ្នាំមុន នៅពេលដែលហាម៉ាស បានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែល ដោយសម្លាប់មនុស្សជាង ១,២០០ នាក់។ ការវាយប្រហារតបតរបស់អ៊ីស្រាអែល បានបណ្តាលឱ្យមានមនុស្សស្លាប់ជិត ៤២,០០០ នាក់នៅហ្គាហ្សា និងបានបង្ខំឱ្យមនុស្សរាប់លាននាក់ ត្រូវជម្លៀសចេញ។
អ្នកស្រុកហ្គាហ្សាបានឱ្យដឹងថា នៅថ្ងៃចន្ទនេះរថក្រោះអ៊ីស្រាអែល បានចូលទៅក្នុងជំរុំជនភៀសខ្លួន Jabalia។ អ៊ីស្រាអែល ក៏បានពង្រីកការបញ្ជាឱ្យជម្លៀសចេញ នៅក្នុងទីក្រុងជាច្រើនទៀតផងដែរ។ ការវាយប្រហារនៅទីក្រុង Jabalia បានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់៕

អត្ថបទដែលជាប់ទាក់ទង