ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីជាន់ខ្ពស់អាកាសចរណ៍កម្ពុជា បញ្ជាក់ពីសន្ទុះ កំណើនអ្នកដំណើរ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី៦ ខែតុលា ដែលមានចំនួនជិត ១ម៉ឺននាក់

10

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់អាកាសចរណ៍កម្ពុជា បានបញ្ជាក់ពីចំនួន អ្នកដំណើរជាតិ និងអន្តរជាតិ តាមផ្លួវអាកាសយ៉ាងច្រើន ចូលមកកម្ពុជា តាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ដែលមានរហូតជិតមួយម៉ឺននាក់។
ឯកឧត្ដម ស៉ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់ថា នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ អ្នកដំណើរចូល កម្ពុជា តាមរយៈ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានចំនួន ៩ ៦០២នាក់ និងមានរហូតដល់ ៨១សញ្ជាតិ ដែលជា ចំនួនដ៏ច្រើនគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហាក់មានភាពមមាញឹកខ្លាំង ជាពិសេសនៅចន្លោះពីម៉ោង៤ទៅ៥ល្ងាច ដោយមានជើងហោះហើរមួយចំនួន បានមកពីប្រទេសអេមីរ៉ាត និងកាតាជាដើម។
ឯកឧត្ដមបានឱ្យដឹងផងដែរថា អ្នកដំណើរដែលចូលមកកម្ពុជា នាំមុខគេ មានចំនួន ៥ប្រទេស មាន ចិន ៣ ១៥៥នាក់, ខ្មែរ ២ ៨៦១នាក់, តៃវ៉ាន់ ៣៣៤នាក់, ម៉ាឡេស៊ី ៣១៣នាក់, កូរ៉េខាងត្បូង ២៨៦នាក់ និងថៃ ២៤២នាក់។
ឯកឧត្ដមបានបញ្ជាក់ថា ចំនួនអ្នកដំណើរផ្លូវអាកាស មកដល់ព្រលានយន្តហោះច្រើនបែបនេះ ដោយសារប្រជាពលរដ្ឋខ្មែរមួយចំនួនត្រឡប់ពីដើរកម្សាន្តវិញ ខណៈភ្ញៀវបរទេសមួយចំនួន ដែលបំពេញការងារនៅកម្ពុជា និងបានទៅលេងស្រុកកំណើតរបស់ពួកគេបានវិលមកបំពេញការងារវិញ បន្ទាប់ពីថ្ងៃសម្រាក ។ ជាមួយគ្នានេះ ភ្ញៀវទេសចរអន្តរជាតិ ក៏បានមកដើរកម្សាន្តនៅកម្ពុជាផងដែរ។
ឯកឧត្ដមបន្តថា ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការគាំទ្រដល់ឧស្សាហកម្មទេសចរណ៍ និងអាកាសចរណ៍ជាច្រើន សម្រាប់សំរួលដល់ការធ្វើដំណើរតាមផ្លូវអាកាស៕

អត្ថបទដែលជាប់ទាក់ទង