ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ក្នុងឱកាសត្រូវបានតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើឧបនាយករដ្ឋមន្ត្រី

15


ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ក្នុងឱកាសត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីសោមនស្សរីករាយឥតឧបមា ដែលឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចទ្រង់សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងជា “ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី” តាមព្រះរាជក្រឹត្យលេខ នស/រកត/ ១០២៤/១២២៤ ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ដែលបានចូលរួមចំណែកការពារជាតិ និងកសាងប្រទេសកម្ពុជា រហូតទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការពារលទ្ធិប្រជាធិបតេយ្យ រក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ព្រមទាំង មានស្វាមីភក្តិចំពោះរាជបល្ល័ង្ក និងចូលរួមការពារនិរន្តរភាពរាជានិយមនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ខ្ញុំ និងភរិយាសូមប្រសិទ្ធពរជ័យមហាប្រសើរជូនចំពោះ ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សព្ទសាធុការពរជ័យគ្រប់ប្រការ ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

អត្ថបទដែលជាប់ទាក់ទង