ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក Netanyahu គំរាមថាលីបង់អាចនឹងមានវាសនាដូចតំបន់ហ្កាហ្សា

24

ហ្ស៊េរុយសាឡិម៖នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានគំរាមកាលពីថ្ងៃអង្គារ ទី៨ ខែតុលាថាលីបង់អាចប្រឈមមុខនឹងការបំផ្លិចបំផ្លាញ ដូចជាតំបន់ហ្កាហ្សា ខណៈកងទ័ពអ៉ីស្រាអែលពង្រីកប្រតិបត្តិការវាយលុកថ្មើរជើងប្រឆាំងក្រុមហេសបូឡា នៅភាគខាងត្បូងលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
ការគំរាមរបស់លោក Netanyahu ត្រូវបានធ្វើឡើង ខណៈអ៉ីស្រាអែលបានបញ្ជូនកងទ័ពបន្ថែមចូលទៅភាគខាងត្បូងលីបង់ និងជំរុញឱ្យជនស៊ីវិលជម្លៀសខ្លួនចេញពី តំបន់ដែលយោធាអ៉ីស្រាអែលប្រកាសចាត់ទុកជាតំបន់ប្រយុទ្ធ។ នៅក្នុងសុន្ទរកថាជាវីដេអូមួយទៅកាន់ប្រជាជនលីបង់ លោក Netanyahu បានលើកឡើងដូច្នេះថា «ពួកអ្នកមានឱកាសដើម្បីសង្រ្គោះលីបង់ មុននឹងលីបង់ធ្លាក់ចូលក្នុងសង្រ្គាមមួយដែលនឹងនាំទៅរកការបំផ្លិចបំផ្លាញ និងការឈឺចាប់ដូចដែលបានកើតឡើង នៅហ្កាហ្សា …ខ្ញុំផ្ដាំទៅកាន់ពួកអ្នក ប្រជាជនលីបង់ នោះគឺរំដោះប្រទេសរបស់ពួកអ្នក ចេញពីហេសបូឡា ព្រោះថាធ្វើដូច្នេះទើបសង្រ្គាមអាចបញ្ចប់»។
គួរបញ្ជាក់ថា អ៉ីស្រាអែលបានចាប់ផ្ដើមបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំជាបន្តបន្ទាប់ ប្រឆាំងមូលដ្ឋានរបស់ក្រុមហេសបូឡា ក្នុងប្រទេសលីបង់ កាលពី ថ្ងៃ២៣ ខែកញ្ញាកន្លងទៅនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោច ១១៥០នាក់ និងបង្ខំឱ្យមនុស្សច្រើនជាង១លាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ អ៉ីស្រាអែល បច្ចុប្បន្ន កំពុងវាយប្រហារដោយផ្ដោតជាសំខាន់លើមូលដ្ឋានរបស់ហេសបូឡា នៅភាគខាងត្បូង និងភាគខាងកើតលីបង់ ព្រមទាំងភាគខាងត្បូង នៃរដ្ឋធានីបេរូត៕

អត្ថបទដែលជាប់ទាក់ទង