ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកនេះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បើកជាផ្លូវការហើយ

23

វៀងចន្ទន៍, ឡាវ៖នៅព្រឹកថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤នេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ ដែលធ្វើនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានចាប់ផ្តើមបើកជាផ្លូវការហើយ។
កិច្ចប្រជុំកំពូលប្រចាំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ត្រូវបានប្រព្រឹត្តទៅយ៉ាងមហោឡារិក ដោយមានការ អញ្ជើញ ជាអធិបតីដោយឯកឧត្ដម ថងលូន ស៊ីសូលីត ប្រធានរដ្ឋឡាវ និងមានការយាង និងអញ្ជើញចូលរួមពីព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសព្រុយណេ, ឯកឧត្ដមសនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្ដម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្ដម អាន់វ៉ា អីុប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្ដម ឡរ៉ែនស៍ វ័ង នាយករដ្ឋមន្ត្រីសិង្ហបុរី ឯកឧត្ដមហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពិន លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រីថៃ ឯកឧត្ដម Ma’ruf Amin អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងឯកឧត្ដម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រខាងកើត ខណៈដែលប្រទេសមីយ៉ាន់ម៉ា បានបញ្ជូនតំណាងរបស់ខ្លួនចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ បន្ទាប់អវត្តមានអស់រយៈពេល៣ឆ្នាំ។
ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន ក៏មានការអញ្ជើញចូលរួមពីភរិយារបស់មេដឹកនាំ នៃបណ្តាប្រទេសសមាជិក អាស៊ានផងដែរ។
កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ ធ្វើឡើងក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» នឹងផ្តោត ទៅ លើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាពនៃការកសាងសហគមន៍ អាស៊ាន ឆ្ពោះទៅកាន់ការសម្រេចបានចក្ខុ វិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងការលើកកម្ពស់ ទំនាក់ទំនង ជាមួយដៃគូខាងក្រៅរបស់អាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន ក្នុងគោលដៅលើកកម្ពស់ ការតភ្ជាប់ និងភាពធន់នៅក្នុងតំបន់ និងក្រៅតំបន់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុង កើតមានប្រកបដោយប្រសិទ្ធភាព។
បន្ទាប់ពីពិធីបើកជាផ្លូវការបានប្រព្រឹត្តរួចរាល់ហើយនោះ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ក៏បានចាប់ផ្តើមជាបន្តបន្ទាប់ទៅតាមរបៀវារៈ ដែលបានរៀបចំ៕

អត្ថបទដែលជាប់ទាក់ទង