ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីកម្ពុជា ឡាវ និងវៀតណាម គូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ, បញ្ហាតំបន់មួយចំនួន ការកសាងសហគមន៍អាស៊ាន

14

វៀងចន្ទន៍, ឡាវ៖ក្នុងជំនួបពិសាអាហារការងារនាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្ដម បណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងឯកឧត្ដមផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណសម្តេចបវរធិបតី និងលោកនាយករដ្ឋមន្ត្រីវៀតណាម ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំពិសាអាហារពេលព្រឹកការងារនាពេលនេះ។ ការណ៍នេះបានឆ្លុះបញ្ចាំងអំពីការបន្តថែរក្សាមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងបី។
ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាមបានអបអរសាទរប្រទេសកម្ពុជាដែលសម្រេចបានសមិទ្ធផលជាច្រើន នៅក្រោម ការដឹកនាំរបស់សម្ដេចបវរធិបតី រយៈពេលជាង១ឆ្នាំកន្លងមកនេះ និងអបអរសាទរកម្ពុជាដែលត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ខាងមុខនេះ។
ប្រមុខរដ្ឋាភិបាលទាំងបីបានចែករំលែកបទពិសោធន៍អំពីការអភិវឌ្ឍប្រទេសរៀងៗខ្លួន និងគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តការជួបប្រាស្រ័យទាក់ទងគ្នា ក៏ដូចជាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យលើគ្រប់វិស័យ រួមមាន៖ វិស័យសេដ្ឋកិច្ចនិងវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ការពារជាតិ និងសន្ដិសុខ ព្រមទាំងការអប់រំនិងបណ្ដុះបណ្ដាល ជាដើម។ នាយករដ្ឋមន្ត្រីទាំងបីក៏បានផ្លាស់ប្ដូរទស្សនៈអំពីបញ្ហាតំបន់មួយចំនួន រួមទាំងដំណើរការកសាងសហគមន៍អាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង