ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចបវរធិបតី៖ អាស៊ានគួរតែពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងចំណោមជាប្រទេសសមាជិក និងប្រទេសជាដៃគូរបស់ខ្លួន

15


ភ្នំពេញ៖ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និងទី៤៥ ឆ្នាំ២០២៤ នៅប្រទេសឡាវ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា អាស៊ានគួរតែរក្សាការប្ដេជ្ញាចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ហើយក៏ត្រូវតែពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងចំណោមប្រទេសជាសមាជិក និងជាមួយដៃគូរបស់ខ្លួន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ ដែលបានចេញផ្សាយនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ។
សេចក្ដីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា «សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា អាស៊ាន គួរតែរក្សាការប្ដេជ្ញាចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានលក្ខណៈសេរី បើកចំហ បរិយាបន្ត យុត្តិធម៌ និងតម្លាភាព ទន្ទឹមនឹងនេះ សម្ដេចក៏បានអំពាវនាវឱ្យអាស៊ានពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងចំណោមប្រទេសជាសមាជិក និងជាមួយដៃគូរបស់ខ្លួន»។
ដើម្បីរក្សាអាស៊ានជាកម្លាំងចលករសម្រាប់វិបុលភាពពិភពលោក សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា អាស៊ានគួរតែប្រើប្រាស់សក្ដានុពលដ៏ធំនៃវិស័យដែលកំពុងរីកចម្រើន ដូចជាសេដ្ឋកិច្ចឌីជីថល អន្តរកាលបៃតង សេដ្ឋកិច្ចពណ៌ខៀវ និងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់ ដើម្បីបន្តទទួលបាននូវកំណើនខ្ពស់ប្រកបដោយនិរន្តរភាព។
គួរជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និងទី៤៥ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» បាននិងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕

អត្ថបទដែលជាប់ទាក់ទង