ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសចំនួន ៤០ ថ្កោលទោសការវាយប្រហារលើកងទ័ពមួកខៀវ UN នៅលីបង់

15


យូអិន៖ប្រទេសចំនួន៤០ ដែលបានបញ្ជូនកងទ័ពមួកខៀវទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) នៅក្នុងប្រទេសលីបង់ បាននិយាយ កាលពីថ្ងៃសៅរ៍ ទី១២ ខែតុលាថាពួកគេថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារថ្មីៗនេះលើកងកម្លាំងរក្សាសន្តិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
សេចក្ដីថ្លែងការណ៍រួមមួយត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ដោយបេសកកម្មប៉ូឡូញប្រចាំ UN និងត្រូវបានចុះហត្ថលេខាដោយប្រទេសជាច្រើនក្នុងនោះរួមមាន ទាំងប្រទេសបញ្ជូនទ័ពមួកខៀវច្រើនជាងគេ ដូចជាឥណ្ឌូណេស៊ី អ៉ីតាលី និងឥណ្ឌា បានគូសបញ្ជាក់ដូច្នេះថា«សកម្មភាពបែបនេះ (ការវាយប្រហារ) ត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយគួរតែមានការស៊ើបអង្កេតមួយយ៉ាងពេញលេញ»។ សេចក្ដីថ្លែងការណ៍នេះដដែលបន្ថែមថា ប្រទេសទាំង៤០ដែលបានចូលរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាពនៅលីបង់ ឬហៅកាត់ថា UNIFIL នៅតែបន្តគាំទ្រពេញទំហឹងដល់កិច្ចការគំាទ្រសម្រាប់បេសកកម្មរបស់ UNIFIL និងសកម្មភាពទាំងឡាយដែលមានគោលដៅចម្បងក្នុងនំាមកនូវស្ថិរភាព និងសន្តិភាពយូរអង្វែងនៅភាគខាងត្បូងលីបង់ រួមទាំងនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានកងកម្លាំងរក្សាសន្តិភាពយ៉ាងហោច ៥នាក់ បានរងរបួស ខណ ៈអ៉ីស្រាអែលកំពុងពង្រីកប្រតិបត្តិការវាយប្រហារប្រឆាំងនឹងក្រុមហេសបូឡា នៅភាគខាងត្បូងលីបង់។ UNIFIL បានចោទប្រកាន់យោធាអ៉ីស្រាអែលថាមានចេតនាវាយប្រហារលើទីតាំងឈរជើងរបស់ UNIFIL។ UNIFI មានកងទ័ព ៩៥០០នាក់មកពី ប្រទេសចំនួន៥០ ដែលមានភារកិច្ចតាមដានការអនុវត្តបទឈប់បាញ់ដែលបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងហេសបូឡា កាលពីឆ្នាំ២០០៦៕

អត្ថបទដែលជាប់ទាក់ទង