ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំ២០០៤ គឺជាឆ្នាំដែលកូនខ្មែរគ្រប់រូបត្រូវចងចាំដែលកម្ពុជាជាប្រទេសតូច អភិវឌ្ឍតិចតួច សម្រេចបានជោគជ័យដ៏កម្រ ដោយបានក្លាយជាសមាជិក WTO

12


ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ឆ្នាំ២០០៤ គឺជាឆ្នាំដែលកូនខ្មែរគ្រប់រូបតោងចងចាំដែលកម្ពុជាជាប្រទេសតូច ជាប្រទេសអភិវឌ្ឍតិចតួច (LDC) អាចសម្រេចបានជោគជ័យដ៏កម្រ ដោយបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មអន្តរជាតិ (WTO)។
ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ ដើម្បីឆ្លុះបញ្ចាំងនូវចក្ខុវិស័យ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក និងដើម្បីរំលេចនូវសមិទ្ធផលនានា ដែលកើតចេញពីរបត់ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋកិច្ច ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។
សម្តេចបានគូសបញ្ជាក់ដូច្នេះថា៖ «ឆ្នាំ២០០៤ គឺជាឆ្នាំ ដែលកូនខ្មែរគ្រប់រូប តោងចងចាំ នៅពេលកម្ពុជា ដែលជាប្រទេសតូច និងជាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) អាចសម្រេចបាននូវជោគជ័យដ៏កម្រ នៅក្នុងបរិការណ៍នៃក្របខ័ណ្ឌពាណិជ្ជកម្មពហុភាគី ដែលយើងបានក្លាយជាសមាជិក WTO ពេញសិទ្ធិ។ យើងនៅចងចាំបានថា តាមរយៈជោគជ័យដ៏ត្រចះត្រចង់នេះ កិត្តិនាមរបស់កម្ពុជាបានលេចខ្ពស់ត្រដែត ហើយបណ្តាប្រទេស ដែលមានការអភិវឌ្ឍតិចតួចទាំងឡាយ បានមកស្នើសុំរៀនសូត្រពី បទពិសោធរបស់កម្ពុជា»។
សម្តេចបានចាត់ទុកថា សមិទ្ធផលនេះ មិនមែនកើតចេញដោយចៃដន្យនោះទេ ប៉ុន្តែកើតចេញពីការដាក់ចេញប្រកបដោយគោលនយោបាយច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ។ សម្តេចបានរំលឹកអំពីប្រវត្តិរបស់កម្ពុជា ក្នុងការស្នើចូលរួមជាសមាជិក WTO ដែលពេលនោះមិនមែនដាក់ថ្ងៃនេះ ហើយស្អែកគេឱ្យចូលនោះទេ គឺត្រូវការពេលវេលាជាង១ទសវត្ស ដោយចាប់ផ្តើមចរចាពីឆ្នាំ១៩៩៤ មកម្ល៉េះ។
សម្តេចបានបញ្ជាក់ថា ២០ឆ្នាំមកនេះ ក្រោយចូលជាសមាជិក WTO លទ្ធផលដែលកម្ពុជាទទួលបាន គឺតាមរយៈការកែប្រែភាពឯកោ ទាំងការទូត សេដ្ឋកិច្ច កម្ពុជាបានចូលរួមជាមួយយន្តការទ្វេភាគី យន្តការតំបន់ និងទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង