ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្គ្រាម! មនុស្ស២៨ នាក់ស្លាប់ ក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលលើជម្រកមួយនៅភាគខាងជើងហ្គាហ្សាស្ទ្រីប

17


ហ្គាហ្សា៖មន្ត្រីក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៨ នាក់រួមទាំងកុមារត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលទៅលើជម្រកមួយនៅភាគខាងជើងហ្គាហ្សាស្ទ្រីប។ អ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនេះបានផ្តោតលើក្រុមសកម្មប្រយុទ្ធរាប់សិបនាក់នៅកន្លែងនោះ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
លោក Medhat Abbas ដែលជាមន្ត្រីក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា មនុស្សរាប់សិបនាក់ ក៏បានរងរបួសនៅក្នុងការវាយប្រហារនេះដែរ ដោយបន្ថែមថា «មិនមានទឹកសម្រាប់ពន្លត់ភ្លើងទេ។ មិនមានអ្វីទាំងអស់»។
កងទ័ពអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍មួយអះអាងថា ការវាយប្រហារនោះផ្តោតលើក្រុមសកម្មប្រយុទ្ធមកពីក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម ដែលកំពុងប្រតិបត្តិការពីខាងក្នុងសាលារៀន Abu Hussein ក្នុងទីក្រុង Jabalia ដែលជាជម្រកសម្រាប់ជនភៀសខ្លួន។ របាយការណ៍បានបន្ថែមថា មាន ជនសកម្មប្រយុទ្ធ រាប់សិបនាក់ នៅក្នុង បរិវេណ សាលារៀននោះ នៅពេល ការវាយប្រហារ បាន កើតឡើង ដោយ បាន ផ្តល់ ឈ្មោះ យ៉ាងហោចណាស់ ១២ នាក់ ក្នុងចំណោម ពួកគេ ប៉ុន្តែ Reuters មិនអាច ផ្ទៀងផ្ទាត់ ភ្លាមៗ បានទេ។
ទន្ទឹមគ្នានេះ កងទ័ពអ៊ីស្រាអែលអះអាងថា ខ្លួនបានចាត់វិធានការចាំបាច់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល និងចោទប្រកាន់ក្រុមហាម៉ាសថាប្រើប្រាស់ពួកគេជាខែលការពារខ្លួន។ ក្រុមហាម៉ាសបានបដិសេធការចោទប្រកាន់នេះ។
ក្រុមហាម៉ាសបានចេញសេចក្តីថ្លែងការណ៍មួយបដិសេធការចោទប្រកាន់អំពីវត្តមានរបស់ពួកយុទ្ធជននៅក្នុងសាលា ដោយហៅវាថាជា «ការកុហក» និង «គោលនយោបាយជាប្រព័ន្ធរបស់សត្រូវដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃឧក្រិដ្ឋកម្មរបស់ខ្លួន»។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅហ្គាហ្សាបានរាយការណ៍ថា មនុស្ស ២៨ នាក់បានស្លាប់ និង ១៦០ នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ៕

អត្ថបទដែលជាប់ទាក់ទង