ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាធ្វើដំណើរត្រលប់ពី ការចូលរួមមហាសន្និបាតអាយប៉ា នៅប្រទេសឡាវវិញ

10


ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា និវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយជោគជ័យ និងសុវត្ថិភាព បន្ទាប់ពីបានបំពេញបេសកកម្មការទូតសភា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន «អាយប៉ា» នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤មក។
តបតាមការអញ្ជើញរបស់ លោក សាយសំភូន ភូមិវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាយប៉ាលើកទី៤៥ សម្តេចរដ្ឋសភាធិបតី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍ ក្រោមមូលបទ «តួនាទីរបស់សភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន» សំដៅពង្រឹងវិស័យការទូតសភា ការភ្ជាប់ទំនាក់ទំនងប្រទេស និងប្រទេស សភា និងសភា ប្រជាជន និងប្រជាជន ដើម្បីសន្តិភាព និងវិបុលភាពរួម។
អំឡុងពេលចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥នេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងសមាជិកគណៈប្រតិភូទាំងអស់ បានអញ្ជើញចូលរួមវេទិកា និងកិច្ចប្រជុំពាក់ព័ន្ធយ៉ាងសកម្ម និងប្រកបដោយផ្លែផ្កា ព្រមទាំងបានជួបជាមួយគណៈប្រតិភូសភាក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ បានបិទបញ្ចប់ដោយបានអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចចំនួន៣៧ ដែលក្នុងនោះ សភាកម្ពុជាបានចូលរួមគាំទ្រ (Co-sponsor) សេចក្តីសម្រេចចំនួន៧។
ឆ្លៀតនៅក្នុងពេលចូលរួមមហាសន្និបាតនេះ សម្តេចប្រធានរដ្ឋសភា បានអញ្ជើញទទួលទានអាហារពេលព្រឹកពិភាក្សាការងារក្រៅផ្លូវការ និងជាមិត្តភាពជាមួយ លោក សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ និង លោក ជិន ថាញ់ មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញទទួលទានអាហារពេលព្រឹកពិភាក្សាការងារជាមិត្តភាពជាមួយ ឯកឧត្តម វ៉ាន់ មូហាម៉ាត់ ណ័រ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភា និងជាប្រធានសភាតំណាងរាស្រ្ត នៃព្រះរាជាណាចក្រថៃ បានជួបពិភាក្សាការងារជាមួយ លោក តាន់ស្រ៊ី ដាតូ ហ្សូហារី អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ុនឌៀរ ប៊ូដិន (Hon. Moundir Bouden) អនុប្រធានរដ្ឋសភា នៃប្រទេសអាល់ហ្សេរី និងបានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត សាយសំភូន ភូមិវិហាន ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥។
ដោយឡែក គណៈប្រតិភូកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយនឹង លោកស្រី ម៉ារីយ៉ា ហ្វឺណាន់ដា (Hon. Maria Fernanda) ប្រធានរដ្ឋសភាទីម័រខាងកើត លោក អាម៉េដ អាប់ឌូ វ៉ាហេ ហ្គារ៉ាតា (Hon. Ahmed Abdul Wahed Qarata) អនុប្រធានទី២ នៃសភាបារ៉ែន និងប្រតិភូសភាមកពីប្រទេសអាស៊ែបៃហ្សង់ ចិន អាល្លឺម៉ង់ ឥណ្ឌា ម៉ារ៉ុក ន័រវេ ទួកគី និងរុស្ស៊ី ផងដែរ។
សូមជម្រាបដែរថា វត្តមានគណៈប្រតិភូសភាកម្ពុជា នៅក្នុងវេទិកាអន្តរសភាដ៏សំខាន់ក្នុងតំបន់នេះ ផ្តល់ជាឱកាសដល់ការលើកកម្ពស់វិស័យការទូតសភាកម្ពុជា និងការលើកកម្ពស់កិត្យានុភាព មុខមាត់ប្រទេសជាតិ នៅលើឆាកអន្តរជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង