ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីអ៉ីរ៉ង់ ទទូចឱ្យសមាជិក BRICS ជួយបញ្ចប់សង្រ្គាមនៅហ្កាហ្សានិងលីបង់

11


ក្រុងមូស្គូ៖កាលពីថ្ងៃពុធ ទី២៣ ខែតុលា ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានទទូចឱ្យក្រុមប្រទេសជាសមាជិក BRICS ជួយបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា និងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អំឡុងការថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូល BRICS នៅប្រទេសរុស្ស៉ី លោក Pezeshkian បាននិយាយដូច្នេះថា «ខ្ញុំសូមទទូច ឱ្យសមាជិកទាំងអស់នៃក្រុម BRICS ដ៏មានឥទ្ធិពល ប្រើប្រាស់សមត្ថភាពដាច់ដោយឡែក និងសមត្ថភាពរួមរបស់ខ្លួន ដើម្បីបញ្ចប់ សង្រ្គាមនៅហ្កាហ្សា និងលីបង់»។ អ៉ីរ៉ង់បានចូលរួមជាសមាជិក BRICS ជាផ្លូវការក្នុងឆ្នាំនេះ។ BRICS ត្រូវបានបង្កើតឡើងដំបូង កាលពីឆ្នាំ២០០៩។ បច្ចុប្បន្នសមាជិក BRICS រួមមានចិន រុស្ស៉ី ឥណ្ឌា ប្រេស៉ីល អាហ្រ្វិកខាងត្បូង អ៉ីរ៉ង់ អេហ្ស៉ីប អេត្យូពី និង អេមីរ៉ាតអារ៉ាប់រួម។
គួរបញ្ជាក់ថា អ៉ីរ៉ង់កំពុងត្រៀមខ្លួន សម្រាប់ការសន្យាវាយប្រហារសងសឹកពីអ៉ីស្រាអែល បន្ទាប់ពីទីក្រុងតេហេរ៉ង់ បានបាញ់ស្រោច មីស៉ីលបាលិស្ទីគប្រមាណ២០០គ្រាប់ លើអ៉ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា។ ការបាញ់មីស៉ីលនោះ ជាសកម្មភាពសងសឹកចំពោះ ការសម្លាប់មេដឹកនាំក្រុមហាម៉ាសប៉ាឡេស្ទីន និងក្រុមហេសបូឡាលីបង់ ដែលគាំទ្រដោយអ៉ីរ៉ង់ ព្រមទាំងមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ម្នាក់៕

អត្ថបទដែលជាប់ទាក់ទង