ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ហ៊ឹម លីម៉េង ត្រូវប្រកាសបានតែងតាំងជាអភិបាលរងខេត្តកំពង់ធំ ជំនួសឯកឧត្ដមចាន់ តារា ដែលទទួលភារកិច្ចថ្មី

19

កំពង់ធំ៖ឯកឧត្ដមហ៊ឹម លីម៉េង ត្រូវបានប្រកាសតែងតាំងជាអភិបាលរងខេត្តកំពង់ធំ ជំនួសលោក ចាន់ តារា ដែលទទួលភារកិច្ចថ្មី។ ពិធីប្រកាសចូលកាន់តំណែង បានធ្វើឡើងក្រោមវត្តមានឯកឧត្ដម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ធំ។
ក្នុងពិធីនោះឯកឧត្ដមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានសម្តែងនូវការសាទរ និងស្វាគមន៍ចំពោះឯកឧត្ដម ហ៊ឹម លីម៉េង ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពង់ធំ ដើម្បីចូលរួមចំណែកក្នុងការដឹកនាំ ជំរុញ ឱ្យកាន់តែឆាប់រហ័ស អភិបាលរងខេត្តដែលចូលកាន់ តំណែងថ្មីនេះយកអស់សមត្ថភាព និងបទពិសោធន៍រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ អនុវត្តតាមគោលការណ៍ដឹកនាំលើគ្រប់វិស័យ ជាពិសេសការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅពង្រឹងសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។ 
ឯកឧត្ដម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងថា បច្ចុប្បន្ននេះដោយផ្នែកតាមកម្មវិធីនយោបាយសម្រាប់នីតិកាលទី៧ នៃដ្ឋសភា និងក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសព្វ និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, រាជរដ្ឋាភិបាលបានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពដោយផ្តោតលើវិស័យអាទិភាពចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បីសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនជូនជាតិ និងប្រជាពលរដ្ឋទាំងក្នុងក្របខ័ណ្ឌជាតិ និងការងារការទូត តាមរយៈការបន្តរក្សាបាននូវ សុខសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេស និងស្ថាប័នអន្តរជាតិនានា។ 
ក្នុងឱកាសនោះដែរឯកឧត្ដម ហ៊ឹម លីម៉េង អភិបាលរងខេត្តកំពង់ធំថ្មីដែលទើបបានតែងតាំងបានធ្វើការប្ដេជ្ញាចិត្តថា ៖
១ស្មោះត្រង់ និងមានភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមជាមួយនឹងឆន្ទៈមុតស្រួច ម៉ឺងម៉ាត់ និងហ៊ានពលិកម្មក្នុងការការពារ រាជរដ្ឋាភិបាលស្របច្បាប់ដោយឥតងាករេ។ 
២ ចូលរួមអនុវត្ត និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមបទបញ្ជា និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ដើម្បីរួមចំណែកក្នុងការ អភិវឌ្ឍនៅក្នុងមូលដ្ឋានខេត្តកំពង់ធំ។
៣ ចូលរួមពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពល្មើសច្បាប់ លួចឆក់ប្លន់គ្រប់ប្រភេទក្រុមជនទំនើង។
៤ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងជួរគណៈអភិបាលខេត្ត មន្ត្រី បុគ្គលិកក្រោមឱវាទ រដ្ឋបាលខេត្តកំពង់ធំ និងចូលរួមពង្រឹងកិច្ចសហការល្អជាមួយបណ្តាក្រសួង ស្ថាប័ន អង្គភាពរដ្ឋ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។
៥ ពង្រឹងកិច្ចសហការ និងចូលរួមអនុវត្តការដ្ឋាន នៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចល្អ និងការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង