រដ្ឋបាលរាជធានីស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាយោគយល់ អធ្យាស្រ័យ ធ្វើការពង្វាងចរាចរពីកន្លែងពិធីក្រុងពាលីអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនៅវិមាន៧មករា និងដង្ហែទៅកាន់ វត្តពោធិគិរីវង្សារាម សាធារណរដ្ឋសង្គមនិយមវៀតណាម
ភ្នំពេញ៖អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនឹងដង្ហែចេញពីវិមាន ៧មករា ឆ្ពោះទៅកាន់ខេត្តត្រាវិញ (ព្រះត្រពាំង) នៅព្រលឹមថ្ងៃទី០៤ ខែវិច្ឆិកា ។
នៅថ្ងៃទី០៤ ខែវិច្ឆិកា វេលាម៉ោង០៥និង០០នាទីព្រឹកអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នឹងដង្ហែចេញពីវិមាន ៧មករា ឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយសៀមថ្មី) ស្ថិតនៅភូមិស្វាយសៀម ឃុំងាយស្បៀង ស្រុកថ្កូវ ខេត្តត្រាវិញ (ព្រះត្រពាំង) សាធារណរដ្ឋសង្គមនិយមវៀតណាម។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញស្តីពីការប្រារព្ធពិធីក្រុងពាលី និងដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ឆ្ពោះទៅកាន់ វត្តពោធិគិរីវង្សារាម សាធារណរដ្ឋសង្គមនិយមវៀតណាមនោះថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំប្រារព្ធពិធីអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០នាទីរសៀល នឹងជួបជុំ ប្រារព្ធពិធីក្រុងពាលី ស្ថិតនៅវិមាន៧មករា មហាវិថីព្រះនរោត្តម ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ លុះនាព្រឹក ថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៥:០០នាទីព្រឹក នឹងមានរៀបចំពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយដង្ហែចេញពីវិមាន ៧មករា ឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយសៀមថ្មី) ស្ថិតនៅភូមិស្វាយសៀម ឃុំងាយស្បៀង ស្រុកថ្កូវ ខេត្តត្រាវិញ (ព្រះត្រពាំង) សាធារណរដ្ឋសង្គមនិយមវៀតណាម។
ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងការប្រារព្ធពិធី ក្រុងពាលី និងពិធីដង្ហែអង្គកឋិនទានខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់ជុំវិញទីតាំងប្រារព្ធពិធីខាងលើមេត្តាយោគយល់ អធ្យាស្រ័យ ធ្វើការពង្វាងចរាចរ ដោយអនុគ្រោះ ពីព្រោះទីតាំងខាងលើនេះនឹងមានចរាចរមមាញឹកខ្លាំង៕