ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នឹងយកទៅសាងសង់ផ្លូវក្រវាត់ព្រំដែនប្រវែង២៥០គីឡូម៉ែត្រ ក្នុងខេត្តមណ្ឌលគិរី និងរតនគិរី

14

ភ្នំពេញ៖ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយ ផ្តោតលើផ្លូវក្រវាត់ព្រំដែន ជិត ២៧លានដុល្លារ បានពីការចូលរួមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់ ស្រទាប់ វណ្ណៈ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់សាងសង់ផ្លូវក្រវាត់ព្រំដែនប្រវែងសរុបប្រមាណ ២៥០ គីឡូ ម៉ែត្រក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរី។

ការទទួលថវិកានៃមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើផ្លូវក្រវាត់ព្រំដែន ត្រូវបានបិទបញ្ចប់ហើយកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ។ រយៈពេលប្រមាណ ៦៦ថ្ងៃ មូលនិធិនេះទទួលបានការចូលរួមយ៉ាងផុលផុសពីប្រជាពលរដ្ឋសរុបជាង ៧២ម៉ឺន អង្គ/នាក់ និងទទួលបានថវិកាសរុបជិត ២៧លានដុល្លារអាមេរិក។

ថវិកាមូលនិធិ នេះ នឹងប្រើប្រាស់សម្រាប់ការកសាងផ្លូវក្រវាត់ព្រំដែនប្រវែងសរុបប្រមាណ ២៥០គីឡូម៉ែត្រ ស្មើ នឹង ១៨.៤ភាគរយនៃផ្លូវខ្សែក្រវាត់ព្រំដែនដែលនៅសល់ប្រមាណ ៥១.៩០ភាគរយ។ ក្នុងនោះ នៅ ខេត្តមណ្ឌលគិរី មានប្រវែងសរុប ១៤៧,៥២គីឡូម៉ែត្រ និងខេត្តរតនគិរី ប្រវែងសរុប ១០២,៤៨គីឡូ ម៉ែត្រ។

ក្នុងភូមិសាស្ត្រដែលត្រូវសាង់សង់ផ្លូវក្រវាត់ព្រំដែននេះ ជាតំបន់ដែលបន្សល់មីន និងយុទ្ធ ភណ្ឌ មិន ទាន់ផ្ទុះពីសម័យសង្គ្រាមរាយប៉ាយលើផ្ទៃដីជាច្រើនផងដែរ។ លើតម្រាយផ្លូវប្រមាណ ២៥០គីឡូ ម៉ែត្រ ក៏នឹងត្រូវបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីទំហំប្រមាណជាង ៦លានម៉ែត្រ ក្រឡាផងដែរ។ លើតម្រាយផ្លូវប្រវែង ២៥០គីឡូម៉ែត្រនេះ នឹងសាង សង់ សិល្បការ្យ ដូចជាស្ពាន និងប្រព័ន្ធលូជាដើមនោះ សរុប ៥៦៦កន្លែង។

ការសាងសង់ផ្លូវក្រវាត់ព្រំដែន ប្រវែង ២៥០ គីឡូម៉ែត្រនេះ បានចាប់ផ្តើមការដ្ឋានជាផ្លូវការហើយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ហើយ គ្រោង បញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៧ ដោយប្រើពេលវេលា៣០ខែ៕

អត្ថបទដែលជាប់ទាក់ទង