ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ចុះកិច្ចព្រមព្រៀងជួលយន្តហោះ ៣គ្រឿងពីក្រុមហ៊ុនចិន
ហឺណាន៖ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានចុះកិច្ចព្រមព្រៀងហិរញ្ញទានសម្រាប់ជួលយន្តហោះប្រភេទ ATR ចំនួន៣គ្រឿង ពីក្រុមហ៊ុនចុងអ៊ីអេវីអេសិនគ្រុប (Zhongyu Aviation Group) ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិលរវាងខេត្តហឺណាននិងកម្ពុជា ក៏ដូចជាការរួមគ្នាបំពេញបេសកកម្មកសាងគម្រោងផ្លូវសូត្រអាកាស ហឺណាន-កម្ពុជា-អាស៊ាន (ផ្លូវសូត្រអាស៊ាន)។
ពិធីចុះអនុស្សរណៈធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក ស៊ុន សូវកាង (SUN SHOUGANG) សមាជិកគណៈនៃកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងជាអភិបាលរងប្រតិបត្តិប្រចាំខេត្តហឺណាន នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។
នាឱកាសនោះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញទានសម្រាប់ជួលយន្តហោះប្រភេទ ATR ចំនួន៣គ្រឿង រវាងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងក្រុមហ៊ុន Zhongyu Aviation Group នេះ មិនត្រឹមជាព្រឹត្តិការណ៍ធំសំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវលរវាងខេត្តហឺណាននិងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការអាកាសចរណ៍រវាងចិននិងកម្ពុជាឈានដល់កម្រិតថ្មីមួយទៀត។
លោករដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុន Zhongyu Aviation Group និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា កែលម្អនីតិវិធីកិច្ចសហប្រតិបត្តិការទាំងអស់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសម្របសម្រួលជាមួយក្រុមហ៊ុនដែលផលិតអាកាសយាន ATR ចំពោះពេលវេលានៃការផលិត ដើម្បីធានាថាអាកាសយាននេះនឹងបានប្រគល់ទៅតាមការគ្រោងទុក និងដល់គោលដៅ។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានផ្ដល់អនុសាសន៍ឱ្យទាំងខេត្តហឺណាននិងភាគីកម្ពុជា ពង្រីកការយល់ដឹងនៃកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នា។ ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ យើងនឹងស្វែងរកយ៉ាងសកម្មនូវឱកាសកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត មានដូចជាទេសចរណ៍ វប្បធម៌ អប់រំជាដើម ហើយប្រើប្រាស់វិធីសាស្រ្តកិច្ចសហប្រតិបត្តិការចម្រុះ ដើម្បីពង្រឹងការយល់ដឹងនិងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានចែករំលែកនូវដំណឹងដ៏ល្អមួយថា រាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចចិត្តជាផ្លូវការក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ ខែតុលា ឱ្យក្រសួងការបរទេសកម្ពុជា សហការជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា ដើម្បីជំរុញការបើកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងចឹងចូវឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដូច្នេះនេះជាពេលវេលាដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការកម្រិតខ្ពស់រវាងខេត្តហឺណាននិងកម្ពុជា៕