ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក ហៃ វណ្ណា អតីតប្រធានចលនាយុវជនអតីតគណបក្សសង្គ្រោះជាតិនៅជប៉ុននិងប្អូនប្រុស ចូលជួបគោរពអរគុណចំពោះក្តីសណ្តោសរបស់សម្តេច

24

ភ្នំពេញ៖បន្ទាប់ពីប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅពេល នេះ លោក ហៃ វណ្ណា អតីតប្រធានចលនាយុវជនអតីតគណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេស ជប៉ុន បានមកលេងប្រទេសកម្ពុជា ក្រោយបែកជាង១០ឆ្នាំ។

ជាមួយការមកលេងប្រទេសកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ លោក ហៃ វណ្ណា រួមជាមួយប្អូនប្រុសរបស់លោក គឺលោក ហៃ វណ្ណនិត បានចូលជួបសម្តែង ការគួរ សមនៅ ឯផ្ទះ របស់សម្តេចនាក្រុងតាខ្មៅ ខេត្តកណ្តាលផងដែរ។

ក្រោយពេលលោក ហៃ វណ្ណា ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រុមអ្នកនយោបាយប្រឆាំង ឬអ្នកវិភាគមាននិន្នាការប្រឆាំង គេបានពោលថា ការប្រកាសចូលរួម ជីវ ភាព នយោបាយរបស់ ហៃ វណ្ណា គ្រាន់តែជាការដោះដូរនឹងសេរីភាពរបស់ប្អូនប្រុស ហើយក៏មិន មែន ជា ឆន្ទៈពិតរបស់លោក ហៃ វណ្ណា នោះឡើយ។

ផ្ទុយពីអ្វីដែលក្រុមប្រឆាំងបានលើកឡើង តាមរយៈរូបភាពនៃជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន គេបានឃើញកាយវិការ និងសកម្មភាពប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត។ តាមរយៈ រូបភាពទាំងនេះ បង្ហាញជាក់ច្បាស់នូវការគោរពស្រឡាញ់របស់ ហៃ វណ្ណា ចំពោះសម្តេច តេជោ ហើយ ក៏បានបង្ហាញពីមនោសញ្ចេតការសណ្តោសប្រណីដ៏ធំធេងរបស់សម្តេចតេជោ ដែលជាមេដឹក នាំ និងជាអ្នកនយោបាយ ពោរ ពេញ ដោយ ការអនុគ្រោះ និងការមិនចេះប្រកាន់ទោសអូសដំណើរ ចំពោះ បុគ្គលធ្លាប់ ធ្វើសកម្មភាពប្រឆាំង នឹង សម្តេច។

តាមរយៈជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចជួយឧបត្ថម្ភគាំទ្រដល់ប្អូនប្រុសលោក ហៃ វណ្ណា គឺលោក ហៃ វណ្ណនិត ឱ្យបន្តការសិក្សាថ្នាក់បណ្ឌិតនៅសហរដ្ឋអាមេរិកផងដែរ។

បន្ទាប់ពីជួបសម្តែងការគួរសមជាមួយសម្តេចតេជោហើយនោះ នៅពេលរសៀលថ្ងៃដដែលនេះ លោក ហៃ វណ្ណា និងប្អូនប្រុស ក៏បានចូលរួមក្នុងពិធីសាសនានៃបុណ្យកឋិនទានមហាសាមគ្គី គ្រួសារ ខ្មែរដង្ហែទៅកាន់វត្តខ្មែរក្រោម ដែលធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្តាលបក្ស ប្រជាជន កម្ពុជា។

ក្នុងឱកាសនោះ លោក ហៃ វណ្ណា បានជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ គណ បក្ស ប្រជា ជនកម្ពុជាដទៃទៀត ដោយស្នាមញញឹម បង្ហាញពីការប្រាស្រ័យទាក់ទងដោយ មិនប្រកាន់ចំពោះរឿងអតីតកាលនោះឡើយ។

សូមបញ្ជាក់ថា លោក ហៃ វណ្ណា បានទៅដល់ប្រទេសជប៉ុន តាមរយៈអាហារូបករណ៍វិស័យ ឯក ជន។ លោកបានបញ្ចប់ការសិក្សាផ្នែកព័ត៌មានវិទ្យានៅប្រទេសជប៉ុន។ រូបលោក បានចាប់ផ្តើមភព ប្រសប់ការធ្វើនយោបាយជាមួយអតីតគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៥។ នៅខែតុលា ឆ្នាំ ២០២៤ លោក ហៃ វណ្ណា បានសម្រេចចាកចេញពីអតីតគណបក្សសង្គ្រោះជាតិ មកចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

បច្ចុប្បន្នលោក ហៃ វណ្ណា មានភរិយាជាជនជាតិជប៉ុន ហើយបានរកស៊ីក្នុងវិស័យកសិកម្ម៕

អត្ថបទដែលជាប់ទាក់ទង