ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅវត្តពោធិគិរីវង្សារាម៖បងប្អូនខ្មែរក្រោមយ៉ាងច្រើនកុះករមករង់ចាំទទួលស្វាគមន៍ការអញ្ជើញមកដល់របស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ

14

កម្ពុជាក្រោម៖នៅរសៀលថ្ងៃចន្ទ ៤ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រី ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅដល់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម«កម្ពុជាក្រោម»ហើយ។ ក្នុងទីអារាមវត្តពោធិគិរីវង្សារាម គឺមានបងប្អូនខ្មែរក្រោមយ៉ាងច្រើនកុះករមករង់ចាំទទួលស្វាគមន៍ការអញ្ជើញមកដល់របស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។

អង្គកឋិនទាននេះត្រូវបានប្រសិទ្ធ​នាមជា «អង្គកឋិន​មហា​សា​​ម​គ្គីគ្រួ​សារខ្មែរ» ព្រោះជាអង្គកឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និង​អាណា​ចក្រ ហើយអាណាចក្រទៀតសោត គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជ​រដ្ឋា​ភិបាល។

តាមកម្មវិធីបុណ្យ នៅរសៀលថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងដង្ហែអង្គកឋិនទានឆ្ពោះ​ទៅ​កាន់វត្តពោធិគិរីវង្សារាម ក្នុងខេត្តត្រាវិញ ប្រទេសវៀតណាម ហើយនឹងប្រារព្ធនៅពិធីសាសនាតាមប្រពៃណីខ្មែរនៅវត្តនោះ។

លុះព្រឹកថ្ងៃ​ទី៥ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងរៀបចំប្រគេនយាគូព្រះសង្ឃនៅវត្តស្វាយសៀមថ្មី បន្ទាប់​មក​ដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនអង្គកឋិនទានដល់ព្រះសង្ឃ។

សូមជម្រាបថា នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះ មាន​ទី​អា​រាម​​រហូត​ដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង