ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក

12

សេអ៊ូល៖យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែវិច្ឆិកានេះ ដែលនេះជាការធ្វើតេស្ដមីស៊ីលជាលើកទី២ ក្នុងពេលប៉ុន្មានថ្ងៃមកនេះ និងតែប៉ុន្មានម៉ោងប៉ុណ្ណោះមុននឹងប្រជាជនអាមេរិកបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បើតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ត្រូវបានបាញ់ចេញនៅម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃអង្គារនេះ ឆ្ពោះទៅកាន់តំបន់ សមុទ្រខាងកើត។ «ជាការត្រៀមលក្ខណៈសម្រាប់ការធ្វើតេស្ដមីស៊ីលបន្ថែមទៀត យោធារបស់យើងបានពង្រឹងការតាមដាន និងការប្រុងជើងការ ហើយចែករំលែកព័ត៌មានជាមួយ ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា ជប៉ុន ក៏បានទទួលស្គាល់ពីការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងផងដែរ ដោយការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន បញ្ជាក់ថាទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលមួយគ្រាប់ ដែលទំនងជាមីស៊ីលបាលិស្ទីគ។ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់ បន្ទាប់ពីប្រមុខការពារជាតិអាមេរិក និងកូរ៉េខាងត្បូង ទទូចឱ្យកូរ៉េខាងជើង ដកកងទ័ពរបស់ខ្លួនចេញពីរុស្ស៉ីជាបន្ទាន់។ ដោយឡែក ការធ្វើតេស្ដមីស៊ីលនៅថ្ងៃអង្គារនេះវិញ កើតមានឡើងក្រោយអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានដឹកនាំការធ្វើសមយុទ្ធជើងអាកាសរួមគ្នា ដោយមានការចូលរួមពីយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រអាមេរិក B-1B។

ការធ្ វើសមយុទ្ធរួមគ្នារបៀបនេះតែងតែបង្កការខឹងសម្បារដល់កូរ៉េខាងជើង ដែលចាត់ទុកថាការធ្វើសមយុទ្ធនេះជាការត្រៀមលក្ខណៈឈ្លានពានប្រទេសរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង