ឯកឧត្ដមអភិបាលរងរាជធានីបានណែនាំដល់រដ្ឋបាលខណ្ឌឬស្សីកែវឱ្យបន្តរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អនៅតាមបណ្តោមផ្លូវជាតិលេខ៥
ភ្នំពេញ៖ឯកឧត្ដមហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញបានណែនាំដល់រដ្ឋបាលខណ្ឌឬស្សីកែវ ត្រូវបន្តរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អនៅតាមបណ្តោមផ្លូវជាតិលេខ៥ ពិសេសនៅតំបន់ប្រជុំជនមានរោងចក្រ និង ផ្សារក្រមួន ដែលបង្កការកកស្ទះចរាចរណ៍រំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ឯកឧត្ដមអភិបាលរងរាជធានីបានថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជាតំណាង ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះ ក្រោមអធិបតីភាព ឯកឧត្តមជួប ខុន សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ តំណាង ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រក្សារាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ ឯកឧត្ដមហ៊ុន សុរិទ្ធីបានថ្លែងថា នៅខាងមុខរោងចក្រចំនួន២តាមបណ្តោយផ្លូវជាតិ លេខ៥ ក្នុងតំបន់ខណ្ឌឬស្សីកែវមានការលក់ដូចមិនអចិន្ត្រៃយ៍ដែលបង្កឱ្យមាការកកស្ទះចរាចរណ៍ ខ្លំាងនៅវេលាម៉ោង១១ ថ្ងៃត្រង់និងម៉ោង១៧ល្ងាច ដែលរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈពេលវេលានោះមានចរាចរណ៍មមាញឹក។ ឯកឧត្ដមបានណែនាំឱ្យបន្តការរៀបចំសណ្តាប់ធ្នាប់នៅលើទីតំាង នេះបានល្អប្រសើរថែមទៀត កុំឱ្យលក់ដូរហៀមកលើទ្រូងផ្លូវដែលធ្វើឱ្យស្ទះចរាចរណ៍ និងបង្កគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
នៅក្នុងពិធីនេះ ឯកឧត្ដមអភិបាលរងក៏បានដោះស្រាយភ្លាមៗចំពោះបញ្ហាសំណើរនិងសុំណូមពរផ្ទាល់ចំនួន ៣ របស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាសាធារណៈនេះ ដូចជាការត្រៀមសិក្សាស្ថាបនាផ្លូវថ្មីមួយខ្សែ នៅមុខវិទ្យាល័យជា ស៊ីម ចំរើនរដ្ឋរួមទំាងការតម្លើងម៉ាស៊ីនបូមទឹកចំនួន២កន្លែង ដើម្បីបូមបញ្ជៀសការជនន់លិចដោយជំនន់ទឹកភ្លៀង។ បានដោះស្រាយបញ្ហាបង្គោលភ្លើងនៅតំបន់ភូមិក្រោលគោ ក្នុងសង្កាត់គីឡូម៉ែត្រ៦ និងការរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អនៅជុំវិញផ្សារច្រាំងចម្រេះ។
ឯកឧត្ដមបានបន្តទៀតថា ចំពោះបញ្ហាសំណើតនិងសំណូមពរជាលាយលក្ខអក្សរបស់បងប្អូនប្រជាពលរដ្ឋចំនួន២៨ ច្បាប់ និងបញ្ហាផ្សេងៗទៀតដែលពាក់ព័ន្ធនឹងជីវប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ នឹង យកទៅពិភាក្សានិងធ្វើការកែលម្អរដោះស្រាយជូនប្រជាពលរដ្ឋឱ្យចំទិសដៅ ដើម្បីលើកកម្ពស់គុណភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ពិសេសប្រជាពលរដ្ឋក្រីក្រី ដែលជួបការលំបាកនៅតាមមូលដ្ឋានភូមិ សង្កាត់ និងខណ្ឌ។
លោកជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវបានថ្លែងថា ចំពោះសំណូមពរ និងបញ្ហាដែលប្រជាពលរដ្ឋបានឡើកឡើង អាជ្ញាធរខណ្ឌនឹងខិតខំដោះស្រាយកែលម្អរឱ្យកាន់តែល្អប្រសើរថែមទៀត ចំពោះបញ្ហាសណ្តាប់ធ្នាប់នៅជុំវិញផ្សារច្រាំងចម្រេះ និងតាមបណ្តោយផ្លូវជាតិលេខ៥ នឹងត្រូវដាក់កម្លំាងសន្តិសុខផ្សារ និងកម្លំាងប្រជាការពារ ចាំសម្រួលចរាចរណ៍ ដើម្បីកុំឱ្យមានការកកស្ទះនៅលើផ្លូវនេះ។
ឯកឧត្តមជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា ការរៀបចំឱ្យមានវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺជាការអនុវត្តតាមច្បាប់ ស្តីពីការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបានដឹង ពីសុខទុក្ខ និងតម្រូវការចងបាននានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបន្ទាប់ពីក្តាប់បាននូវរាល់ បញ្ហាប្រឈម និងតម្រូវការពីប្រជាពលរដ្ឋហើយនោះ នឹងយកបញ្ហាទាំងនោះមកដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា វេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញបានផ្តល់ឱ្យប្រជាពលរដ្ឋចូលរួមនៅក្នុងដំណើរការអភិបាលកិច្ចល្អ និងការលើកកម្ពស់គណនេយ្យភាព តម្លាភាព ក្នុង ដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋនៅថ្នាក់រាជធានី ខណ្ឌ សង្កាត់ ក្នុងគោលបំណងដើម្បីធានាថា រាល់ បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតបយ៉ាងមានសិទ្ធិភាព៕