ចិនមានគម្រោងផលិតខ្សែភាពយន្ត «សេចក្តីស្រលាញ់នៅទីក្រុងភ្នំពេញ» ដើម្បីបង្ហាញពីភាពរីកចម្រើន និងការអភិវឌ្ឍពិតប្រាកដនៅភ្នំពេញ
ភ្នំពេញ៖គម្រោងថតខ្សែភាពយន្តឯកសារសំខាន់ៗរបស់ វិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៃប្រទេសចិន ធ្វើឡើងដើម្បីចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍ជាច្រើន និងសក្តានុពលនៃវិស័យសេដ្ឋកិច្ចដែលប្រទេសកម្ពុជាមាន និងបង្ហាញពីអ្នកជំនួញមកពីប្រទេសចិនដែលទទួលបានជោគជ័យក្នុងការមកបណ្តាក់ទុនរកសុី និងស្នាក់នៅក្នុងប្រទេសកម្ពុជាប្រកបភាពសប្បាយរីករាយ ជាទីកក់ក្តៅ។ ខ្សែភាពយន្តដែលគ្រោងថតនោះ ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយបង្ហាញទៅកាន់ភពលោកបានស្គាល់កាន់តែច្បាស់បន្ថែមទៀតពីអ្វីដែលជាការពិតនៅកម្ពុជា។
គម្រោងថតខ្សែភាពយន្ត «សេចក្តីស្រលាញ់នៅទីក្រុងភ្នំពេញ» ត្រូវបានលោកស្រី Diana Pang ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន លើកឡើងក្នុងឱកាសអញ្ជើញចូលជួបសំដែងការគូរសម និងគោរពស្នើសុំការគាំទ្រធ្វើកិច្ចសហប្រតិបត្តិការពីឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅវេលាយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន។
លោកស្រី ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន បានជម្រាបជូនថា ក្នុងឱកាសនេះគឺបាននាំមកនូវអ្នកវិនិយោគិន និងអ្នកជំនាញថតខ្សែភាពយន្ត រួមទាំងតារាសំដែងផងដែរ ដែលជាអ្នកមានបទពិសោធន៍ខ្ពស់ក្នុងការថត និងផលិតភាពយន្តបានជាច្រើន ហើយមានភាពល្បីល្បាញលើឆាកអន្តរជាតិ មករួមសហការគ្នាជាក្រុមដើម្បីថតខ្សែភាពយន្តបង្ហាញពីការអភិវឌ្ឍពិតប្រាកដនៅកម្ពុជា។
លោកស្រី Diana Pang បានជម្រាបជូនអំពីបទពិសោធន៍ និងកិច្ចការងារជាច្រើនដែលវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៃប្រទេសចិន បានអនុវត្តន៍និងសម្រេចបាន ពិសេសបានផលិតជា ឯកសារភាពយន្តសំខាន់ៗជាច្រើននៅក្នុងប្រទេសចិន ហើយផ្សព្វផ្សាយទៅកាន់ពិភពលោក បានស្គាល់ច្បាស់ពីប្រទេសចិន។ ដូច្នេះក្នុងឱកាសនេះ វិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៃប្រទេសចិន មានគោលបំណងសំខាន់ធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មាន ក្នុងការរៀបចំថតខ្សែភាពយន្តឯកសារដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាពិសេសដើម្បីចូលរួមទប់ស្កាត់ព័ត៌មានមិនពិត និងព័ត៌មានអវិជ្ជមាននៅកម្ពុជា ដែលកន្លងមកត្រូវបានបង្ខូចកេរ្តិ៍ឈ្មោះដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួន និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសកម្ពុជា។
ឯកឧត្ដមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវការ ស្វាគមន៍ និងចូលរួមកិច្ចសហការជាមួយ វិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៃប្រទេសចិន ដែលចង់មកថតជាភាពយន្តឯកសារ ស្តីពីស្ថានភាពពិតនៅក្នុងប្រទេសកម្ពុជា ពិសេសចង់បង្ហាញពីអ្វីដែលមានជាក់ស្តែង ទាំងសក្តានុពលនៃវិស័យទេសចរណ៍ប្រពៃណី ទេសចរណ៍ធម្មជាតិ រួមទាំងសក្តានុពលនៃវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។
ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងថា ការថតជាខ្សែភាពយន្តសារដ៏មានសារៈសំខាន់នេះ គឺដើម្បីផ្សព្វផ្សាយបង្ហាញទៅកាន់ពិភពលោក បានដឹង បានឃើញការពិតជាក់ស្តែងដែលកើតមានឡើងនៅប្រទេសកម្ពុជា ហើយក៏ជាការកសាងនូវជំនឿទុកចិត្តដ៏សំខាន់ណាស់សម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគទុនបរទេស មានសេចក្តីជឿជាក់មកលើការដឹកនាំ និងដំណើរការអភិវឌ្ឍប្រទេសជាតិឱ្យមានសុខសន្តិភាព រឹងមាំល្អ ផ្តល់បរិយាកាសល្អដ៏អ្នកវិនិយោគទុន និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរបរទេស មកទស្សនាលេងកម្សាន្តដោយក្តីសប្បាយរីករាយនៅគ្រប់ទីកន្លែងដោយសុវត្ថិភាព៕