ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាកបាទក្រហមកម្ពុជា នឹងរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ-អន្តរជាតិ ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព»

15

ភ្នំពេញ៖កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, នឹងរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ-អន្តរជាតិ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព» ដែលនឹងប្រព្រឹត្តទៅរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ នៅពហុកីឡដ្ឋាន ខេត្តឧត្តរមានជ័យ។
ដើម្បីឈានឆ្ពោះកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ-អន្តរជាតិ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅដើមខែធ្នូខាងមុខនេះ, នៅថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងបោះជំរំ និងទីតាំងសហគមន៍គោលដៅចំនួន៣ ដែលនឹងត្រូវចុះទស្សនកិច្ចសិក្សា រួមជាមួយទីតាំងដាំដើមឈើចំនួន ១,៥០០ដើម ក្នុងអំឡុងពេលកម្មវិធីបោះជំរំ។
តាមការគ្រោងទុក, ក្រៅពីសកម្មភាពនៅក្នុងជំរំ សមាជិក-សមាជិកានៃជំរំ នឹងត្រូវបានបែងចែកជា ៣ក្រុម ដើម្បីចុះទស្សនកិច្ចសិក្សានៅតាមសហគមន៍ ដែលក្នុងនោះរួមមាន៖
ក្រុមទី១៖ ចុះទៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ភ្នំ២០០ និងវិមានឈ្នះ ឈ្នះ ដែលមានចម្ងាយប្រមាណ ៧៥គីឡូម៉ែត្រ ពីទីរួមខេត្ត ដើម្បីសិក្សាស្វែងយល់ពីនយោបាយឈ្នះ ឈ្នះ នៅកម្ពុជា និងទទួលការអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រាប់មីននៅសហគមន៍របស់អតីតយុទ្ធជន រួមជាមួយនឹងជីវិតតស៊ូរបស់យោធិនពេលមានសង្គ្រាម និងសន្តិភាព។
ក្រុមទី២៖ ចុះទស្សនកិច្ចសិក្សា នៅវិទ្យាល័យ ហ៊ុន សែន ចុងកាល់ និងកម្មវិធីបំណិនជីវិត ព្រមទាំងទស្សនកិច្ចភូមិអតីតយុទ្ធជនដើម្បីសិក្សាស្វែងយល់ពីភាពធន់សហគមន៍ ដែលស្ថិតនៅចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីទីរួមខេត្ត។
ក្រុមទី៣៖ ចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីសហគមន៍ត្បាញក្រមា/កន្ទេល នៅស្រុកបន្ទាយអំពិល ដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីទីរួមខេត្ត។
ជាមួយគ្នានេះសមាជិក-សមាជិកានៃជំរំទាំងអស់ នឹងត្រូវចូលរួមដាំដើមឈើចំនួន ១,៥០០ដើម នៅឧទ្យានកាកបាទក្រហមកម្ពុជា ដែលស្ថិតនៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាឧទ្យានទី៣របស់កាកបាទក្រហមកម្ពុជា។
សូមបញ្ជាក់ថា កម្មវិធីបោះជំរំនេះ នឹងមានអ្នកចូលរួមប្រមាណ ៤០០នាក់ ដែលជាមន្ដ្រី អ្នកស្ម័គ្រចិត្ត ក្រុមការងារទីស្នាក់ការកណ្តាល, ថ្នាក់ដឹកនាំ មន្ដ្រីប្រតិបត្តិ និងយុវជនកាកបាទក្រហមកម្ពុជាសាខាខេត្ត ចំនួន៨ រួមមាន ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តពោធិ៍សាត់, យុវជនកាកបាទក្រហមកម្ពុជា ថ្នាក់គ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ និងយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ប្រចាំភូមិភាគអាស៊ី-អាគ្នេយ៍ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង