ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីមិនអនុញ្ញាតឱ្យយានយន្ត ចូលតំបន់នៃព្រះរាជពិធីបុណ្យអុំទូក និង បង្ហាញ ទីតាំង ចំណត រថយន្តមកពីតាមខេត្ត ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរក្នុងព្រះរាជពិធីបុណ្យអុំទូក

26


ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យយានយន្ត ចូលតំបន់នៃព្រះរាជពិធីបុណ្យអុំទូក និង បង្ហាញ ទីតាំង ចំណត រថយន្តមកពីតាមខេត្ត ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរនៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ។
ក្នុងសេចក្ដីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំចំនួន១៣ចំណុច ពាក់ព័ន្ធការមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរចូលតំបន់រៀបចំព្រះរាជពិធីបុណ្យ ការផ្អាកការដ្ឋានសំណង់នៅក្នុងខណ្ឌមួយចំនួន ការមិនអនុញ្ញាតឱ្យសាឡង់ដឹកខ្សាច់ ទូក និងកប៉ាល់គ្រប់ប្រភេទធ្វើចរាចរឆ្លងកាត់មុខទីតាំងប្រារព្ធពិធី នៅមុខព្រះបរមរាជវាំងនិងការបង្ហាញពីទីតាំងចំណតរថយន្តមកពីបណ្តាខេត្តមួយចំនួនផងដែរ។
ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
តាមសេចក្តីណែនាំស្តីពីការបញ្ចៀសចរាចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញបាន ឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ ម្ចាស់រថយន្តប្រកបអាជីវកម្មដឹកអ្នកដំណើរ គ្រប់ប្រភេទ និងម្ចាស់យានយន្តគ្រប់ប្រភេទឱ្យបានជ្រាបថា ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរនៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
១- ចំពោះយានយន្តគ្រប់ប្រភេទ មិនអនុញ្ញាតឱ្យចរាចរចូលតំបន់រៀបចំព្រះរាជពិធីបុណ្យ និងរង្វង់ បរិវេណជុំវិញទីតាំងប្រារព្ធពិធី ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១០:០០នាទី រហូតដល់ម៉ោង ២២:០០នាទី ដែលគោលដៅហាមឃាត់មានសមត្ថកិច្ចឈរជើង ចាំណែនាំ ប៉ុន្តែអាចចរាចរបានចាប់ពីម៉ោង ២២:០០នាទី រហូតដល់ម៉ោង ១០:០០នាទី។
២- ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាថ្ងៃឈប់សម្រាក ម្ចាស់ការដ្ឋានសំណង់ទាំងអស់ ត្រូវផ្អាកដំណើរការ ចំពោះរថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តក្រឡុកស៊ីម៉ង់ត៍មិនអនុញ្ញាត ឱ្យចរាចរចូលក្នុងតំបន់ទីប្រជុំជន ក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង។
៣- គ្រប់យានយន្តធ្វើដំណើរមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មិនអនុញ្ញាតឱ្យចរាចរលើវិថីខេមរៈភូមិន្ទ (ផ្លូវលេខ១៣០) ផ្លូវលេខ៥ វិថីតេជោដំឌិន (ផ្លូវលេខ១៥៤) វិថីសម្តេចប៉ាន (ផ្លូវលេខ២១៤) ផ្លូវលេខ២៩៤ កំណាត់មហាវិថីសម្តេចសុធារស ចាប់ពីផ្លូវលេខ២៤០ រហូតដល់ផ្លូវខាងជើងស្ថានទូតរុស្ស៊ី វិថីរដ្ឋសភា ផ្លូវលេខ៧៨ ផ្លូវសចិត មហាវិថីព្រះសុរាម្រិត និងកំណាត់តីរវិថីព្រះស៊ីសុវត្ថិចាប់ពីរង្វង់សម្ដេចសង្ឃរាជ ជួន ណាត រហូត ដល់ផ្លូវលេខ១០៦។
៤- នៅផ្លូវជាតិលេខ១៖ រថយន្តធុនធំ និងរថយន្តដឹកទំនិញដែលឆ្លងកាត់រាជធានីភ្នំពេញ ត្រូវចូលចតនៅដីទំនេរកែងស្តុបផ្លូវរោងចក្រថៃហ្គ័រ និងបញ្ចៀសនៅចំណុចផ្លូវជាតិលេខ១ កែងនឹងផ្លូវលេខ១១៤ (ស្តុបផ្លូវទៅរោងចក្រថៃហ្គ័រ)។ ចំពោះយានយន្តដឹកអ្នកដំណើរ ត្រូវចូលចតក្នុង បរិវេណវត្តនិរោធរង្សី និងចំណតរថយន្តផ្សារច្បារអំពៅ។
៥- នៅផ្លូវជាតិលេខ២៖ រថយន្តធុនធំ និងរថយន្តដឹកទំនិញត្រូវចូលចតនៅមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ)។ ចំពោះរថយន្តធុនធំដែលចរាចរលើផ្លូវលេខ២១៧ ត្រូវឈប់ចត នៅខាងជើងរង្វង់មូលកួរស្រូវ និងត្រូវបញ្ចៀសចរាចររថយន្តធុនធំ ០៤គោលដៅ រួមមាន រង្វង់មូល កួរស្រូវ មុខវត្តស្លែង មុខវត្តចាក់អង្រែក្រោម និងគល់ស្ពានអាកាសក្បាលថ្នល់ខាងត្បូង។
៦- នៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤៖ រថយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់រាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តប៉ែកពាយ័ព្យ និងឦសានត្រូវធ្វើចរាចរតាមមហាវិថីឈ្នះឈ្នះ ទៅតាមផ្លូវជាតិលេខ៥ ឬឆ្លងកាត់ស្ពានព្រែកព្នៅ និងត្រូវបញ្ចៀសចរាចររថយន្តធុនធំ ០៣គោលដៅ រួមមាន អតីតរង្វង់មូល ចោមចៅ ស្តុបមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងស្តុប២០០៤។ ចំពោះយានយន្តដឹក អ្នកដំណើរ ចូលទស្សនាព្រះរាជពិធី ត្រូវឈប់-ចតមិនឱ្យចូលហួសស្តុបណតប្រ៊ីតឡើយ។
៧- នៅផ្លូវជាតិលេខ៥៖ រថយន្តធុនធំត្រូវបង្វែរទិសធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ឬចូលចតនៅ ចំណតគីឡូម៉ែត្រលេខ៩។ ចំពោះយានយន្តដឹកអ្នកដំណើរ ចូលទស្សនាព្រះរាជពិធី ត្រូវបត់ចូល តាមផ្លូវលេខ៦៨ ទៅផ្លូវលេខ៧០ រួចបត់ចូលចតនៅក្នុងតំបន់អភិវឌ្ឍបឹងកក់។
៨- នៅផ្លូវជាតិលេខ៦៖ រថយន្តធុនធំត្រូវបង្វែរទិសធ្វើដំណើរឆ្លងកាត់ស្ពានព្រែកព្នៅតាមមហាវិថី ឈ្នះឈ្នះ។ ចំពោះយានយន្តដឹកអ្នកដំណើរ ត្រូវចូលចតនៅទីតាំងដីតំបន់អភិវឌ្ឍ OCIC។
៩- នៅផ្លូវលេខ២៧១ និងផ្លូវលេខ៣៧១៖ រថយន្តធុនធំ ត្រូវបញ្ចៀសចរាចរត្រង់ចំណុចផ្លូវលេខ៣៧១ កែងផ្លូវលេខ២៧១។ ចំពោះយានយន្តដឹកអ្នកដំណើរ ចូលទស្សនាព្រះរាជពិធី ត្រូវឈប់-ចតតាម បណ្តោយផ្លូវ៦០ម៉ែត្រ។
១០- នៅផ្លូវចោមចៅ (ផ្លូវវេងស្រេង)៖ រថយន្តធុនធំ ត្រូវបញ្ចៀសចរាចរនៅត្រង់ចំណុចច្រមុះជ្រូក ស្ទឹងមានជ័យ។
១១-ចំពោះយានយន្តដឹកអ្នកដំណើរគ្រប់ប្រភេទមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តាមផ្លូវលេខ៥៩៨ និងមហាវិថីឧកញ៉ាម៉ុងឬទ្ធី ត្រូវបង្វែរចូលតាមផ្លូវ តូចៗមិនឱ្យចូលហួសមហាវិថី គីម អ៊ីលស៊ុង និងចតនៅបរិវេណតំបន់អភិវឌ្ឍបឹងកក់។ ចំពោះ រថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ មិនឱ្យចូលក្នុងរាជធានីភ្នំពេញ។
១២- ចំពោះសាឡង់ដឹកខ្សាច់ ទូក និងកប៉ាល់គ្រប់ប្រភេទ ដែលធ្វើចរាចរឆ្លងកាត់មុខទីតាំងប្រារព្ធពិធី នៅមុខព្រះបរមរាជវាំង ត្រូវផ្អាកធ្វើនាវាចរក្នុងអំឡុងពេលប្រារព្ធពិធីចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លើកលែងតែកាណូតដឹកភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អាចចរាចរបានត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ តែប៉ុណ្ណោះ។
១៣- ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ត្រូវផ្អាកធ្វើចរាចរចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ចាប់ពីម៉ោង១២:០០នាទី រហូតដល់ម៉ោង ២២:០០នាទី ប៉ុន្តែអាចចរាចរបានចាប់ពីម៉ោង២២:០០នាទី រហូតដល់ម៉ោង ១០:០០នាទី៕

អត្ថបទដែលជាប់ទាក់ទង