ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» លើកពានលើកដំបូង ក្រោយចូលរួមប្រកួត២២ឆ្នាំបានបង្ហាញក្តីសប្បាយរីករាយរកអ្វីមកប្រៀបផ្ទឹមពុំបាន ឡើយ ចំពោះជ័យជម្នះនៅឆ្នាំនេះ

9

ភ្នំពេញ៖ក្រោយចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកអស់រយៈពេល២២ឆ្នាំ នៅឆ្នាំ២០២៤ នេះ ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» បានលើកពានហើយ បន្ទាប់ពីយកឈ្នះលើគូប្រកួតទាំង៦ ជើងក្នុងរយៈពេល៣ថ្ងៃ។ នេះជាការលើកពានលើកដំបូងសម្រាប់ទូកង «ខ្មែរកម្ពុជាក្រោមមាន ជ័យ»

ឯកឧត្ដម សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាស្ថាបនិកទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» បានឱ្យដឹងថា ចាប់តាំងពីចូលរួមការប្រកួតប្រជែងក្នុងព្រះរាជពិធីបុណ្យ អុំទូកនៅឆ្នាំ២០០២ ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» មិនធ្លាប់បានលើកពាននោះឡើយ។ នៅឆ្នាំ ២០២៤នេះ គឺជាលើកដំបូងហើយដែលទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» បានលើកពាន បន្ទាប់ ពី យកឈ្នះគូប្រកួតទាំង៦ជើង ក្នុងរយៈពេល៣ថ្ងៃមកនេះ។

ឆ្នាំ២០២៤ ជាឆ្នាំដ៏ពិសេសសម្រាប់គណៈកម្មការ និងចំណុះទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» ព្រោះ ទទួលបានការឧបត្ថម្ភ និងទ្រទ្រង់សម្រាប់ការបរិភោគ និងចំណាយផ្សេងៗពីសំណាក់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ តាមរយៈការទ្រទ្រង់នេះ ធ្វើឱ្យ កីឡាករបានហូបចុកគ្រប់គ្រាន់មិនខ្សត់ខ្សោយដូច បណ្តា ឆ្នាំកន្លង ទៅ នោះឡើយ។

ឯកឧត្ដមសាន សាង ចាត់ទុកឆ្នាំ២០២៤នេះ ជាកំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់ទូកង «ខ្មែរកម្ពុជា ក្រោមមានជ័យ» ព្រោះទទួលបានការជួយទ្រទ្រង់ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយ ជាឆ្នាំដំបូងដែលទូកទទួលបានពាន ក្រោយចូលរួមប្រកួតរយៈពេល២២ឆ្នាំ។

គណៈកម្មការ និងចំណុះទូកទាំងអស់ បានបង្ហាញក្តីសប្បាយរីករាយរកអ្វីមកប្រៀបផ្ទឹមពុំបាន ឡើយ ចំពោះជ័យជម្នះនៅឆ្នាំនេះ។ រយៈពេល២២ឆ្នាំមកនេះ គណៈកម្មការ និងចំណុះទូក បាន ប្រឹងប្រែង និងពុះពារខ្លាំងណាស់ក្នុងការចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ទោះបីលទ្ធភាព ខ្សត់ ខ្សោយយ៉ាងណាក្តី ព្រោះចង់ឱ្យពាក្យថា «ខ្មែរកម្ពុជាក្រោម» ត្រូវបានផ្សព្វផ្សាយតាមសំឡេង ឧឃោសន ស័ព្ទនៃព្រះរាជពិធីជាព្រះរាជបវេណីរបស់ខ្មែរ។ ការបានផ្សព្វផ្សាយពាក្យថា «ខ្មែរកម្ពុជា ក្រោម» តាមសំឡេងឧឃោសនស័ព្ទ នឹងធ្វើឱ្យពលរដ្ឋខ្មែរនៅកម្ពុជា បានស្គាល់បានដឹងបានឭ ពី ខ្មែរ កម្ពុជាក្រោម។

ដូច្នេះតាមរយៈការលើកពាននៅពេលនេះ ធ្វើឱ្យឈ្មោះ «ខ្មែរកម្ពុជាក្រោម» កាន់តែបានដឹង និងបាន ឭខ្ទរ ខ្ទារថែមទៀត។ គណៈកម្មការ និងចំណុះទូកទាំងអស់ គោរពថ្លែងអំណរគុណសម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាអនេកចំពោះការជួយឧបត្ថម្ភគាំទ្រនៅឆ្នាំ ២០២៤ នេះ ព្រោះថាការឧបត្ថម្ភគាំទ្ររបស់សម្តេចទាំងទ្វេ ប្រៀបបានការផ្តល់ឱសថថាមពលឱ្យកីឡាករ មាន ស្មារតីប្រកួតកាន់តែខ្លាំងក្លា។

សូមបញ្ជាក់ថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនត្រឹមតែជួយទ្រទ្រង់ដល់ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» ប៉ុណ្ណោះទេ សម្តេចទាំងទ្វេ បានប្រកាសផ្តល់ទូកងខ្នាតវែងដល់បងប្អូនខ្មែរក្រោមសម្រាប់ការប្រកួតនៅឆ្នាំ២០២៥ផងដែរ។ តាមរយៈទូកប្រពៃណីខ្នាតពិសេសនេះ នឹងធ្វើឱ្យទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង