មនុស្ស៨នាក់ស្លាប់ និង១៧នាក់រងរបួស ក្នុងករណីវាយប្រហារដោយកាំបិត នៅនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈមួយកន្លែងភាគខាងកើតប្រទេសចិន , ជនសង្ស័យត្រូវបានចាប់ខ្លួន
ក្រុងប៉េកាំង៖ ប៉ូលិសនៅប្រទេសចិន បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា មានករណីវាយប្រហារដោយកាំបិតបានកើតឡើង នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈមួយកន្លែង ក្នុងភាគខាងកើតប្រទេស ជាហេតុបណ្តាលឱ្យមនុស្ស៨នាក់ស្លាប់ និង១៧នាក់ទៀត រងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ករណីខាងលើបានកើតឡើង នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈសិល្បៈនិងបច្ចេកទេស Wuxi ក្នុងក្រុង Yixing ដែលជាផ្នែក នៃទីក្រុង Wuxi នៅខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។ ជនសង្ស័យត្រូវបានចាប់ខ្លួន នៅកន្លែងកើតហេតុ និងបានឆ្លើយ សារភាពចំពោះសកម្មភាពរបស់ខ្លួន។
យោងតាមការស៉ើបអង្កេតបឋមរបស់ប៉ូលិស ជនសង្ស័យដែលមានត្រកូល Xu អាយុ២១ឆ្នាំ ភេទប្រុស គឺជាអតីតនិស្សិតដែលត្រូវ បញ្ចប់ការសិក្សា នៅឆ្នាំ២០២៤ នៃសាលាខាងលើផ្ទាល់ ហើយរូបគេបានធ្វើសកម្មភាពវាយប្រហារលើអ្នកដទៃបែបនោះ បន្ទាប់ពីខ្លួន បានប្រឡងធ្លាក់ រួចមិនអាចទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា ហើយលើសពីនេះទៀត រូបគេក៏ហាក់មិនពេញចិត្តចំពោះ ប្រាក់លើកទឹកចិត្តអំឡុងពេលហ្វឹកហាត់ការងារ ផងដែរ។
គួរបញ្ជាក់ថា ឧប្បត្តិហេតុខាងបានកើតមានឡើង ត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយករណីនៅទីក្រុង Zhuhai ភាគខាងត្បូងប្រទេសចិន ដែលបុគ្គលម្នាក់ បានបើករថយន្តបំបុកហ្វូងមនុស្ស បណ្តាលឱ្យមានអ្នកស្លាប់រហូតដល់៣៥នាក់ និង៤៣នាក់ផ្សេងទៀតរងរបួស៕