ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ៧មករា ថេង សុថុល ចុះពិនិត្យជំរុញពន្លឿនការដ្ឋានជួសជុល និងសំណេះសំណាលជាមួយអាជីវករផ្សារអូរប្ញស្សី

20

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខណ្ឌ និងគណៈកម្មការផ្សារអូរប្ញស្សី ចុះពិនិត្យការដ្ឋានជួសជុលអគារផ្សារជាន់ទី១ ដំណាក់កាលទី១ ដោយបានជំរុញពន្លឿនការជួសជុលឲ្យលឿន ដើម្បីផ្ដល់ជូនអាជីវករ បានមកលក់ដូរនៅតាមតូបរៀងៗខ្លួនវិញ និងឆាប់បានបន្តជួសជុលនៅដំណាក់កាលបន្តបន្ទាប់ទៀត។
ក្នុងឱកាសចុះពិនិត្យការដ្ឋាននោះដែរ លោកអភិបាលខណ្ឌ ក៏បានជួបសំណេះសំណាលជាមួយបងប្អូនអាជីវកលក់ដូរ នៅផ្សារអូរប្ញស្សី និងសូមការអធ្យាស្រ័យយោគយល់ នូវផលលំបាកមួយរយៈពេល ដើម្បីជួសជុលអគារផ្សារ ជៀសវាងបង្កហានិភ័យណាមួយកើតឡើង។
លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារអូរប្ញស្សី បានប្រាប់ឲ្យដឹងថា ការជួសជុលកែលម្អនៅអគារផ្សារអូឬរស្សី ត្រូវបានបែកចែកជា ៦ដំណាក់កាល ក្នុងមួយដំណាក់កាល ត្រូវឲ្យអាជីវករើតូបមកលក់ដូរនៅតូបបណ្ដោះអាសន្ន ចំនួន២៣២តូប។ សូមបញ្ជាក់ថាការដ្ឋានជួសជុលក្នុងដំណាក់កាលទី១ ត្រូវបានចាប់ផ្ដើមតាំងពីខែមេសា ឆ្នាំ២០២៤ រហូតដល់ពេលនេះ ត្រូវបានចាក់បេតុង សាងសង់ជិតរួច១០០ភាគរយ និងមានគម្រោងឲ្យបងប្អូនអាជីវករ ដែលលក់ដូរ រើសតូបពីតូបបណ្ដោះអាសន្នមកលក់នៅក្នុងបរិវេណផ្សារវិញ នៅដើមខែមករា ឆ្នាំ២០២៥ខាងនេះ។ ហើយការដ្ឋានដំណាក់កាលទី២ និងចាប់ផ្ដើម ជាបន្តបន្ទាប់ទៀត។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងថា គម្រោងជួសជុលកែលម្អអគារផ្សារអូឬស្សីជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយមន្រ្តីជំនាញបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃសំណង់អគារ ឃើញថាអគារបានការបាក់ប្រេះ ទ្រុឌទ្រោម ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមគិតគូរពីសុខសុវត្ថិភាពរបស់អាជីវកលក់ដូរក្នុងបរិវេណអគារផ្សារ និងបានសាងសងតូបបណ្ដោះអាសន្ននៅលើចំណីផ្លូវលេខ១១១ ខាងលិចផ្សារឲ្យអាជីវករលក់ បណ្ដោះអាសន្ន ដើម្បីជំនាញបើកការដ្ឋានជួសជុលជាបន្តបន្ទាន់តាមដំណាក់កាល។
លោកអភិបាលខណ្ឌ៧មករា សំណូមពរដល់អាជីវកលក់ដូរទាំងអស់ សូមមានការយោគយល់ ចំពោះការដ្ឋានមានការយឺតយ៉ាវមួយចំនួន និងសំណូមពរដល់ពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់តំបន់ផ្សារ ក៏ដូចជាចេញចូលផ្សារ មាន មានការកកស្ទះចរាចរណ៍ សូមយោគយល់ តែទោះជាយ៉ាងកម្លាំងសន្តិសុខ សណ្ដាប់ធ្នាប់ផ្សារ បានធ្វើការសម្រួលចរាចរណ៍ជាប់ជាប្រចាំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង