ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ពូទីន ប្រកាសត្រៀមខ្លួនចរចា ជាមួយលោក ត្រាំ ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន

20

ក្រុងមូស្គូ៖ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា លោកបានត្រៀមខ្លួនរួចរាល់ ដើម្បីចរចាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ លោកបានបញ្ជាក់ថា រុស្ស៊ីមានឆន្ទៈក្នុងការសម្របសម្រួល និងស្វែងរកដំណោះស្រាយតាមរយៈការចរចា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ក្នុងការបោះឆ្នោតកាលពីពេលថ្មីៗនេះ។ លោក ត្រាំ ដែលជាអ្នកជំនួញ និងជាអ្នកនិពន្ធសៀវភៅល្បីឈ្មោះ “Trump: the Art of the Deal” ធ្លាប់បានសន្យាថានឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស ប្រសិនបើលោកជាប់ឆ្នោត ប៉ុន្តែមិនទាន់បានបញ្ជាក់ពីវិធីសាស្រ្ត ដែលលោកនឹងប្រើប្រាស់នៅឡើយទេ។
ទោះជាយ៉ាងណា អ៊ុយក្រែននិងសម្ព័ន្ធមិត្តលោកខាងលិច បានបង្ហាញការប្រុងប្រយ័ត្ន ចំពោះការប្រកាសរបស់លោក ពូទីន។ ពួកគេមានការព្រួយបារម្ភថា រុស្ស៊ីអាចនឹងប្រើប្រាស់ការចរចានេះជាលេស ដើម្បីពង្រឹងការគ្រប់គ្រងនៅក្នុងតំបន់ដែលខ្លួនបានវាយយកបាននៅអ៊ុយក្រែន។
គួរបញ្ជាក់ថា អនាគតនៃសង្រ្គាមនៅអ៊ុយក្រែន នៅមិនទាន់ច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែ ការប្រកាសរបស់លោក ពូទីន បានផ្តល់នូវក្តីសង្ឃឹមខ្លះៗសម្រាប់ការបញ្ចប់ជម្លោះ តាមរយៈការចរចា។ អ្នកវិភាគជឿជាក់ថា ការចរចារវាងអាមេរិកនិងរុស្ស៊ី អាចនឹងចាប់ផ្តើមនៅពេលឆាប់ៗនេះ បន្ទាប់ពីលោក ត្រាំ ចូលកាន់តំណែងជាផ្លូវការនៅខែមករា៕

អត្ថបទដែលជាប់ទាក់ទង