ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិក អាចនឹងទាមទារគ្រប់គ្រងលើព្រែកជីកប៉ាណាម៉ា ឡើងវិញ

20

វ៉ាស៊ីនតោន៖ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ទី២១ ខែធ្នូ បានរិះគន់នូវអ្វីដែលលោកហៅថាជាការយកកម្រៃជ្រុលហួសហេតុពីកប៉ាល់អាមេរិក ដែលធ្វើដំណើរកាត់តាមព្រែកជីកប៉ាណាម៉ា (Panama) ហើយថែមទាំងគំរាមទៀតថាទីក្រុងវ៉ាស៊ីនតោនអាចនឹងទាមទារគ្រប់គ្រងឡើងវិញលើព្រែកជីកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social។ លោក ត្រាំ បានរៀបរាប់ដូច្នេះថា «កងនាវា និងកប៉ាល់ពាណិជ្ជកម្មរបស់យើង ត្រូវបានទារកម្រៃដ៏អយុត្តិធម៌ និងជ្រុលហួសហេតុ»។ លោកបន្ថែមថាកម្រៃដែលប៉ាណាម៉ាបានយកពីកប៉ាល់អាមេរិកគឺជារឿងគួរឱ្យអស់សំណើច ដូច្នេះប្រសិនបើប៉ាណាម៉ានៅតែបន្តធ្វើដូច្នេះ នោះ លោកនឹងទាមទារឱ្យព្រែកជីកប៉ាណាម៉ាត្រឡប់មកស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកវិញ។ លោក ត្រាំ ក៏បានលើកឡើងផងដែរពីការកើនឡើងឥទ្ធិពលចិន នៅជុំវិញតំបន់ព្រែកជីប៉ាណាម៉ា ជាមួយការបង្ហាញការព្រួយបារម្ភពីផលប្រយោជន៍អាមេរិក ខណៈក្រុមហ៊ុនអាមេរិកកំពុងពឹងផ្អែកលើព្រែកជីកមួយនេះដើម្បីដឹកទំនិញឆ្លងកាត់រវាងមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក។
គួរបញ្ជាក់ថា ព្រែកជីកប៉ាណាម៉ា ដែលត្រូវបានបញ្ចប់ការសាងសង់ដោយសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩១៤ ត្រូវបានប្រគល់ទៅឱ្យប៉ាណាម៉ាគ្រប់គ្រងនៅក្រោមសន្ធិសញ្ញាឆ្នាំ១៩៧៧ ដែលត្រូវបាន ចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter។ ប៉ាណាម៉ាបានគ្រប់គ្រងលើព្រែកជីកនេះទាំងស្រុងក្នុងឆ្នាំ១៩៩៩៕

អត្ថបទដែលជាប់ទាក់ទង