លោក ពូទីន គំរាមពីការបំផ្លិចបំផ្លាញលើអ៊ុយក្រែន ក្រោយដ្រូនវាយប្រហារលើទីក្រុង Kazan
ក្រុងមូស្គូ៖ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ ទី២២ ខែធ្នូ បានសន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ជាការសងសឹកទៅនឹងការវាយប្រហារដោយ ដ្រូនលើទីក្រុង Kazan កាលពីថ្ងៃសៅរ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
រុស្ស៉ី បានចោទប្រកាន់អ៊ុយក្រែនថាបានដឹកនាំការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំមួយ ដែលបានបង្កការខូចខាតដល់អាផាតធើមិនដ៏ប្រណិតមួយក្នុងទីក្រុង Kazan ដែលស្ថិតនៅ ចម្ងាយប្រហែល ១០០០គីឡូម៉ែត្រពីតំបន់ព្រំដែន។ មិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់នៅក្នុងការវាយប្រហារនេះទេ។ ប៉ុន្តែ លោក ពូទីន បានគំរាមថានឹងសងសឹកវិញ ដោយទម្លាក់ការទទួលខុសត្រូវលើអ៊ុយក្រែន។ លោក ពូទីន បានគូសបញ្ជាក់អំឡុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលរបស់លោកថា «នរណាក៏ដោយ ហើយថាមិនថាពួកគេព្យាយាមបង្ក ការបំផ្លិចបំផ្លាញដោយវិធីណានោះទេ ពួកគេនឹងត្រូវប្រឈមមុខនឹងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ហើយពួកគេនឹងត្រូវសោកស្ដាយចំពោះអ្វីដែលពួកគេបានធ្វើដាក់ប្រទេសរបស់យើង»។
គួរបញ្ជាក់ថា អ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយជុំវិញការវាយប្រហារលើទីក្រុង Kazan នោះទេ។ លោក ពូទីន កន្លងមក ក៏ធ្លាប់បានគំរាមដែរថាលោកអាចនឹងបញ្ជាឱ្យយោធារបស់លោក វាយប្រហារលើទីក្រុងកៀវ ដោយប្រើមីស៊ីលបាលិស្ទីគ hypersonic ជាការឆ្លើយតបទៅនឹងការវាយប្រហារលើទឹកដីរុស្ស៉ី៕