ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ការតាក់តែងវិញ្ញាសាប្រឡងភ្លាមៗ ផ្តល់ឱកាសស្មើភាពគ្នាដល់បេក្ខជន ក្នុងការប្រឡងប្រជែង

11

ភ្នំពេញ៖ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការរៀបចំការប្រឡងប្រជែង បានថ្លែងថា វិញ្ញាសាសម្រាប់ការប្រឡងនាពេលនេះ គឺត្រូវបានតាក់តែង និងជ្រើសរើសភ្លាមៗ ពោលគឺបានផ្តល់លទ្ធភាព ក៏ដូចជាឱកាសដល់បេក្ខជនស្មើភាពគ្នា ក្នុងការប្រឡងប្រជែង។
ការថ្លែងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញកាត់វិញ្ញាសាជានិមិត្តរូប ក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នៃរដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០៤នេះ នៅសាលាភូមិន្ទរដ្ឋបាល។
ក្នុងឱកាសកាត់វិញ្ញានោះដែរឯកឧត្ដម ហ៊ុន ម៉ានី បានបញ្ជាក់ថា ការតាក់តែងវិញ្ញាសា និងជ្រើសរើសភ្លាមៗ សម្រាប់ការប្រឡងនេះ ជាការជំរុញឲ្យមិនមានការបែកធ្លាយវិញ្ញាសាមុនការប្រឡងនោះទេ ដែលធានាបាននូវសុក្រឹតភាព ហើយលោកក៏បានជូនពរដល់បេក្ខជនឲ្យទទួលបាននូវលទ្ធផលល្អ ក្នុងការប្រឡងប្រជែងនេះផងដែរ។
បេក្ខជនដែលបានចូលរួមប្រឡងប្រជែងឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នៃរដ្ឋបាលខេត្តសៀមរាប មានចំនួន ៨០៩នាក់ សម្រាប់ ៣៦កន្លែង ខណៈបេក្ខជនត្រូវឆ្លងកាត់វិញ្ញាសាចំនួន ០៣ រួមមាន៖ ១.វិញ្ញាសាជំនាញ/បច្ចេកទេស ២. វិញ្ញាសាពហុចម្លើយភាសាអង់គ្លេស ឬភាសាបារាំង និង ៣.វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ ដោយប្រើរយៈពេល ០៤ម៉ោង។
ជាមួយគ្នានេះ គណៈកម្មការរៀបចំការប្រឡងប្រជែង ក៏បានរៀបចំស្តង់សម្រាក សម្រាប់បេក្ខជន ព្រមទាំងសាច់ញាតិ និងអាណាព្យាបាលធ្វើការរង់ចាំបេក្ខជន នៅក្រៅបរិវេណមណ្ឌលប្រឡង ដោយមានការផ្គត់ផ្គង់ភេសជ្ជៈ ទឹកពិសា ដោយមានការចូលរួមក្នុងតួនាទីសម្របសម្រួល និងផ្តល់ព័ត៌មាន ពីដំណើរការទូទៅនៃការប្រឡង ជូនទៅដល់បេក្ខជនតាមការចាំបាច់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង