កូរ៉េខាងត្បូង បន្តស្ថិតក្នុងដំណើរការផ្លាស់ប្តូររដ្ឋធានី ចេញពីទីក្រុងសេអ៊ូល ទៅកាន់ទីក្រុងសេជុងនាឆ្នាំ២០៣០
សេអ៊ូល៖Sejong គឺជាទីក្រុងមួយ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងបំណងបម្រើជារដ្ឋធានីថ្មី នៃប្រទេសកូរ៉េខាងត្បូង ជំនួសរដ្ឋធានីបច្ចុប្បន្ន គឺទីក្រុងសេអ៊ូល ប៉ុន្តែមកទល់ពេលឥឡូវ ការផ្លាស់ប្តូររដ្ឋធានីនេះ បន្តមិនទាន់សម្រេចបានជាស្ថាពរនៅឡើយ។
គំនិតនៃការផ្លាស់រដ្ឋធានីចេញពីសេអ៊ូល ត្រូវបានផ្តួចផ្តើមឡើងដំបូង ដោយអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Roh Moo-hyun កាលពីឆ្នាំ២០០៣។ គោលបំណងរបស់លោក Roh នាពេលនោះ គឺចង់ចែករំលែកភាពស្តុកស្តម និងឥទ្ធិពលដែលបាន មកប្រមូលផ្តុំ នៅក្នុងទីក្រុងសេអ៊ូល ជាមួយផ្នែកដទៃទៀតនៃប្រទេស ហើយលើកទឹកចិត្តដល់ការអភិវឌ្ឍតាមតំបន់ និងកាត់បន្ថយបញ្ហា មនុស្សច្រើនកកកុញ នៅទីក្រុងសេអ៊ូល។
យ៉ាងណាក្តី ផែនការរបស់លោក បានជួបឧបសគ្គជាច្រើន រួមទាំងការជំទាស់ពីតុលាការធម្មនុញ្ញ កាលពីឆ្នាំ២០០៤។ ម៉្យាងវិញទៀត ប្រធានាធិបតីក្រោយៗមកទៀត ហាក់មិនសូវជាខ្នះខ្នែងអើពើ ចំពោះគម្រោងនេះឡើយ រីឯធុរជនធំៗ ក៏មានជំហរប្រឆាំងគំនិតនេះ ផងដែរ។
ទោះជាបែបនេះក៏ដោយ មកទល់ឥឡូវ ស្ថាប័ននិងទីភ្នាក់ងាររដ្ឋាភិបាលមួយចំនួន បានធ្វើការរុះរើដោយជាបណ្តើរៗទៅកាន់ទីក្រុង Sejong សរុបគឺក្រសួងចំនួន១២ ត្រូវបានផ្លាស់ប្តូរទៅទីនោះ រួមមានទាំងក្រសួងអប់រំនិងបរិស្ថាន ខណៈក្រសួងចំនួន៥ទៀត រួមមានទាំងក្រសួងធំៗ ដូចជាក្រសួងការបរទេស និងក្រសួងការពារជាតិ បន្តនៅស្ថិតទីក្រុងសេអ៊ូល ដដែល រួមជាមួយសភាជាតិ និងការិយាល័យប្រធានាធិបតី។
ហេតុផលមួយទៀត ដែលគេមើលឃើញថា នៅពីក្រោយគំនិតចង់ផ្លាស់ប្តូររដ្ឋធានីរបស់កូរ៉េខាងត្បូង គឺបញ្ហាសន្តិសុខជាមួយកូរ៉េខាងជើង។ តំបន់ជាយភាគខាងជើងនៃទីក្រុងសេអ៊ូល មានចម្ងាយត្រឹមតែ៣០គីឡូម៉ែត្រប៉ុណ្ណោះ ពីតំបន់ព្រំដែន DMZ ដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរ។
ជាយូរមកហើយ មានក្តីបារម្ភថា ការវាយប្រហារភ្លាមៗណាមួយ ឆ្លងព្រំប្រទល់ចូលមក មុខជា នឹងអនុញ្ញាតឱ្យកងទ័ពកូរ៉េខាងជើង ឈ្លានពានចូលដល់រដ្ឋធានីយ៉ាងឆាប់រហ័សបំផុត។ មួយវិញទៀត ទីក្រុងសេអ៊ូល ក៏ស្ថិតក្នុងរយៈចម្ងាយ អាចរងការវាយប្រហារ ពី ការបាញ់ផ្លោងរបស់កូរ៉េខាងជើងផងដែរ ដូច្នេះហើយការរើរដ្ឋធានី ទៅកាន់ភាគខាងត្បូង នឹងជួយផ្តល់ ការការពារប្រសើរជាងមុន នៅពីក្រោយរនាំងធម្មជាតិផ្សេងៗ រួមមានដងទន្លេ និងជួរភ្នំជាដើម។ ទីក្រុង Sejong ស្ថិតនៅចម្ងាយ១២៥គីឡូម៉ែត្រ ពីភាគខាងត្បូង ទីក្រុងសេអ៊ូល។
គួរបញ្ជាក់ថា បច្ចុប្បន្ន ទីក្រុង Sejong មានមនុស្សរស់នៅត្រឹមជាង៣៦០ ០០០នាក់ប៉ុណ្ណោះ។ ដំណើរការសាងសង់ទីក្រុងនេះ ត្រូវបានរំពឹងថា នឹងចប់រួចរាល់ទាំងស្រុងនៅឆ្នាំ២០៣០៕