ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ុយក្រែនអះអាងថា បណ្តាញផ្គត់ផ្គងថាមពល រងការវាយប្រហារមីស៉ីលទ្រង់ទ្រាយធំថ្មីទៀត ពីរុស្ស៉ី

31

ក្រុងកៀវ៖អាជ្ញាធរនៅអ៊ុយក្រែន បាននិយាយថា នៅថ្ងៃពុធនេះ រុស្ស៉ីបានបើកការវាយប្រហារ ក្នុងទ្រង់ទ្រាយធំសាជាថ្មីម្តងទៀត មកលើ ប្រព័ន្ធថាមពល ក៏ដូចជាទីក្រុងនានារបស់អ៊ុយក្រែន នៅតំបន់ភាគខាងកើត ដោយប្រើប្រាស់មីស៉ីលគ្រូស និងមីស៉ីលបាលិស្ទីគ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤។
មនុស្សយ៉ាងហោច៣នាក់ បានរងរបួស ក្នុងការវាយប្រហារមីស៉ីល លើតំបន់ Kharkiv នៅភាគឦសានអ៊ុយក្រែន។ កងកម្លាំង ទ័ពអាកាសរបស់អ៊ុយក្រែន បាននិយាយថា តំបន់ Kharkiv ត្រូវបានវាយប្រហារដោយមីស៉ីលបាលិស្ទីគ ហើយអគារមួយចំនួន បានរងការខូចខាត។ អាជ្ញាធរនៅតំបន់ Dnipro ក៏បានរាយការណ៍ អំពីការវាយប្រហាររបស់រុស្ស៉ី ផងដែរ។ រីឯរដ្ឋមន្រ្តីថាមពលអ៊ុយក្រែន បាននិយាយថា រុស្ស៉ីបានបើកការវាយប្រហារទ្រង់ទ្រាយធំថ្មីទៀត មកលើវិស័យថាមពលរបស់អ៊ុយក្រែន ជាហេតុ បង្ខំឱ្យប្រតិបត្តិករប្រព័ន្ធថាមពល រឹតត្បិតការផ្គត់ផ្គង់អគ្គិសនី ដើម្បីកាត់បន្ថយផលប៉ះពាល់។
គួរបញ្ជាក់ថា អំឡុងការវាយប្រហារមីស៉ីលទ្រង់ទ្រាយធំកន្លងមក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា រុស្ស៉ីបានបាញ់មីស៉ីលចំនួន១២០គ្រាប់ និង ដ្រូន៩០គ្រឿង លើអ៊ុយក្រែន ដោយបានសម្លាប់មនុស្ស យ៉ាងហោច៧នាក់ ហើយបង្កការខូចខាតធ្ងន់ធ្ងរ ចំពោះប្រព័ន្ធថាមពល៕

អត្ថបទដែលជាប់ទាក់ទង