«ឱសថស្ថាន រស្មីអូឡាំពិកថ្មី»ម្ចាស់ឱសថស្ថានបានរុះរើស្លាកយីហោឱសថស្ថានដោយខ្លួនឯងក្រោយមានការរិះគន់
ភ្នំពេញ៖បើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនសាធារណជន ឱ្យបាន ជ្រាបថា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានឃើញ គណនី បណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុកឈ្មោះ Raingsey Chea (RC) និង គណនីបណ្តាញ ទំនាក់ទំនងសង្គម នៃសារព័ត៌មានមួយចំនួនទៀត បានផ្សព្វផ្សាយពីឱសថស្ថាន មួយកន្លែងដែលបានលក់ឱសថមានការកែប្រែ កាលបរិច្ឆេទប្រើប្រាស់ ដោយបានដាក់ខ្លឹមសារ (Caption) ថា «ថ្ងៃនេះខ្ញុំបានកម្មង់ទិញថ្នាំមកពីឱសថស្ថាន រស្មីអូឡាំពិកថ្មី / Reaksmey Olympic Thmey តាមNham24។ ឱសថស្ថានបានដាក់ថ្នាំដែលមានការប្រើ ប្រាស់ប៊ិចកែប្រែកាលបរិច្ឆេទពីខែ/ឆ្នាំ 01/2025 មក 01/2026-1
បន្ទាប់ពីបានទទួលដំណឹងអំពីភាពមិនប្រក្រតីរបស់ឱសថស្ថានខាងលើ មន្ទីរសុខាភិបាល នៃរដ្ឋបាល រាជធានីភ្នំពេញ បានចាត់តាំងមន្ត្រីជំនាញដើម្បីចុះពិនិត្យស្រាវជ្រាវជាបន្ទាន់ដល់ទីតាំង និងឃើញថា ម្ចាស់ឱសថស្ថានបានរុះរើស្លាកយីហោឱសថស្ថានដោយខ្លួនឯង។ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ភ្នំពេញបាននិងកំពុងបន្តនីតិវិធីតាមច្បាប់លើករណីនេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។