ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រលានយន្តហោះអន្តរជាតិតារាសាគរ ត្រៀមទទួលស្វាគមន៍ជើងហោះហើរជួលលើកដំបូង នៅថ្ងៃ២៦ធ្នូនេះ

32

កោះកុង៖មុនទទួលស្វាគមន៍ជើងហោះហើរជួល (Charter flight) លើកដំបូងនៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះក្រុមហ៊ុន Coastal Airport Investment (CAI) ក៏បានរៀបចំពិធីក្រុងពាលីសុំសេចក្ដីសុខ នារសៀលថ្ងៃទី២៥នេះ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក លី ម៉ុងឈិន (Li Mengchen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CAI។
គួរជម្រាបថា ពិធីទទួលស្វាគមន៍ជើងហោះហើរនៅថ្ងៃនេះដែរ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុន កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ប្រមាណ១៥០នាក់។
ឯកឧត្ដមស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការនិងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់នាពេលថ្មីៗនេះថា ការទទួលជើងហោះហើរដំបូងនៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ គឺជាការហោះហើរសាកល្បងក្នុងស្រុកតែប៉ុណ្ណោះ។ លោកថា អាកាសយានដ្ឋានអន្តរជាតិនេះនឹងបើកជើងហោះឆាតទើរក្នុងស្រុកពេញលេញ ស្របតាមអនុលោមភាព លក្ខខណ្ឌតម្រូវ និងបទដ្ឋានបច្ចេកទេសនាពេលខាមុខ។
អាកាសយានដ្ឋានអន្តរជាតិនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Coastal Airport Investment។ ក្នុងដំណាក់កាលទី១ ក្រុមហ៊ុនកំពុងអភិវឌ្ឍនៅលើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន១ពាន់ហិកតា ដោយចំណាយថវិកាប្រមាណ២០០លានដុល្លារ។ តាមផែនការមេស្តីពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតារាសាគរ រយៈពេលខ្លី និងមធ្យម (ក្នុងករណីមានការបើកការហោះហើរជាលក្ខណៈពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិពេញលេញ) អាកាសយានដ្ឋាននេះរំពឹងទទួលបានអ្នកដំណើរប្រមាណ៧លាននាក់ និងទំនិញប្រមាណ១ម៉ឺនតោនក្នុង១ឆ្នាំ ព្រមទាំងបន្តកើនអ្នកដំណើរដល់២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០៕

អត្ថបទដែលជាប់ទាក់ទង