ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ុយក្រែនចោទរុស្ស៊ីពីការវាយប្រហារ «អមនុស្សធម៌» លើប្រព័ន្ធថាមពល នៅថ្ងៃបុណ្យណូអែល

31


ក្រុងកៀវ៖ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានចោទប្រកាន់រុស្ស៊ីថា បានបើកការវាយប្រហារ «អមនុស្សធម៌» លើប្រព័ន្ធថាមពល និងទីក្រុងមួយចំនួនរបស់អ៊ុយក្រែន នៅថ្ងៃបុណ្យណូអែល ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស ព្រមទាំងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋារចនាសម្ព័ន្ធថាមពល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អភិបាលតំបន់បានរាយការណ៍ថា ការវាយប្រហារបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៦ នាក់រងរបួសនៅទីក្រុង Kharkiv ភាគឦសាន និងបណ្តាលឱ្យមនុស្សម្នាក់ស្លាប់នៅតំបន់ Dnipropetrovsk។ មិនតែប៉ុណ្ណោះ វាក៏បានបន្សល់ទុកប្រជាជនប្រមាណកន្លះលាននាក់ក្នុងតំបន់ Kharkiv គ្មានប្រព័ន្ធកំដៅប្រើប្រាស់ ក្នុងអាកាសធាតុត្រជាក់ខ្លាំង ខណៈរដ្ឋធានីកៀវ និងតំបន់ផ្សេងទៀតក៏រងការដាច់ចរន្តអគ្គិសនីផងដែរ។
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានថ្កោលទោស ការវាយប្រហារនេះ ដោយហៅវាថា «អមនុស្សធម៌» ហើយបានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាមាន «ចេតនាជ្រើសរើសថ្ងៃបុណ្យណូអែល វាយប្រហារដើម្បីបង្កការឈឺចាប់និងទុក្ខវេទនា ដល់ប្រជាជនអ៊ុយក្រែន។ ទន្ទឹមគ្នានោះ លោកបញ្ជាក់ថា «មីស៊ីលជាង ៧០ គ្រាប់ រួមទាំងមីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ជាងមួយរយគ្រឿង» ត្រូវបានបាញ់សំដៅមកលើអ៊ុយក្រែន។
ទោះជាយ៉ាងណា យោធាអ៊ុយក្រែន បានអះអាងថា ខ្លួនបានបាញ់ទម្លាក់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកទាំងនោះភាគច្រើន។
គួរបញ្ជាក់ថា ការវាយប្រហារនេះ ធ្វើឡើងនៅពេលដែលអ៊ុយក្រែន កំពុងប្រារព្ធពិធីបុណ្យណូអែលតាមប្រតិទិនថ្មី ដែលជាជំហានមួយដើម្បីបំបែកចេញពីឥទ្ធិពលរបស់រុស្ស៊ី។ ប្រជាជនអ៊ុយក្រែន ភាគច្រើន គឺជាគ្រិស្តសាសនាគ្រិស្តអូស្សូដក់ ដែលធ្លាប់ប្រារព្ធពិធីបុណ្យណូអែល នៅថ្ងៃទី ៧ ខែមករា តាមប្រតិទិន Julian ដូចរុស្ស៊ី។ ប៉ុន្តែ នៅឆ្នាំនេះពួកគេបានផ្លាស់ប្តូរ មកប្រារព្ធពិធីបុណ្យណូអែល នៅថ្ងៃទី ២៥ ខែធ្នូ តាមប្រតិទិន Gregorian ដូចប្រទេសលោកខាងលិច៕

អត្ថបទដែលជាប់ទាក់ទង