ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាន លើអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស ៤៦ នាក់ ភាគច្រើនជាស្ត្រី និងកុមារ

34

ក្រុងកាប៊ុល៖ការទម្លាក់គ្រាប់បែក ដោយយន្តហោះយោធាប៉ាគីស្ថាន នៅក្នុងខេត្ត Paktika ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៦ នាក់ ដែលភាគច្រើនជាស្ត្រីនិងកុមារ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ ២០២៤។
មន្ត្រីតាលីបង់បានបញ្ជាក់ថា មនុស្ស ៦ នាក់ផ្សេងទៀតក៏បានរងរបួស នៅក្នុងការទម្លាក់គ្រាប់បែកនៅទីតាំងចំនួន ៤ ផ្សេងគ្នា ក្នុងប្រទេសអាហ្វហ្គានីស្ថានផងដែរ។ រហូតមកដល់ពេលនេះ មន្ត្រីរដ្ឋាភិបាលនិងយោធាប៉ាគីស្ថាន មិនទាន់ឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើហេតុការណ៍នេះទេ។
លោក Enayatullah Khowrazmi អ្នកនាំពាក្យក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានថ្លែងថា «អាហ្វហ្គានីស្ថានចាត់ទុកទង្វើដ៏ឃោរឃៅនេះ ជាការរំលោភយ៉ាងគឃ្លើនលើគោលការណ៍អន្តរជាតិទាំងអស់ និងជាអំពើឈ្លានពានយ៉ាងជាក់ច្បាស់… រដ្ឋអ៊ីស្លាមនឹងមិនទុកឱ្យទង្វើដ៏កំសាកនេះ គ្មានការឆ្លើយតបឡើយ»។
ប្រភពព័ត៌មាន បានបង្ហាញថា ការវាយប្រហារនេះគឺជាការឆ្លើយតបរបស់ប៉ាគីស្ថាន ទៅនឹងការវាយប្រហាររបស់ក្រុមតាលីបង់ប៉ាគីស្ថាន (TTP) នៅក្នុងប្រទេសប៉ាគីស្ថានកាលពីពេលកន្លងទៅ។ TTP គឺជាក្រុមសកម្មប្រយុទ្ធ ដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាន និងបានបើកការវាយប្រហារជាច្រើនលើក ទៅលើប៉ាគីស្ថាន។
គួរបញ្ជាក់ថា ការវាយប្រហារនេះបានបង្កើនភាពតានតឹង រវាងប្រទេសទាំងពីរ និងបង្កការព្រួយបារម្ភ អំពីស្ថិរភាពនៅក្នុងតំបន់។ អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យភាគីទាំងពីរអត់ធ្មត់និងចៀសវាងការប្រើប្រាស់អំពើហិង្សា៕

អត្ថបទដែលជាប់ទាក់ទង