ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាកសិករសង្កាត់រកាកណ្តាល ក្រុងក្រចេះ សម្រេចចិត្តប្តូរមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរ ជំនួសពូជស្រូវពីបរទេស

16

ភ្នំពេញ ៖ ប្រជាកសិករនៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ បានចាប់អារម្មណ៍ និងសម្រេចចិត្តប្តូរមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរជំនួសពូជស្រូវពីបរទេសវិញនៅរដូវកាលក្រោយ។ ការបញ្ជាក់ដូចនេះ បន្ទាប់ពីលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ដោយលោកជំទាវបានពន្យល់ និងលើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំដុះពូជស្រូវសែនក្រអូប០១ ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ មានតម្លៃខ្ពស់ រក្សាស្ថេរភាពតម្លៃ និងកំពុងទទួលបានការគាំទ្រពេញនិយមនៅលើទីផ្សារអន្តរជាតិ។
លោក អ៊ន ស៊ាង ចៅសង្កាត់រងទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ បានលើកឡើងថា ចំពោះពូជស្រូវ សែនក្រអូបនេះទិន្នផលរបស់វាបានទាបមែន ដោយក្នុង១ហិកតាទទួលបានទិន្នផលប្រហែល៣,៥តោន ក៏ប៉ុន្តែតម្លៃរបស់វា១៣០០រៀល ក្នុង១គីឡូក្រាម គិតទៅក្នុង១តោនអាចលក់បានលុយ៤.៥៥០.០០០រៀល ហើយបើយើងធៀបទៅនឹងស្រូវ អូអឹម ដែលអាចផ្តល់ទិន្នផលខ្ពស់ក្នុង១ហិកតា៥តោនក៏ពិតមែន តែតម្លៃស្រូវប្រភេទនេះបានត្រឹមតែ៨៥០រៀល ក្នុង១គីឡូក្រាម ឬទាបជាងនេះ តែបើយើងថាអាចលក់បាន៨៥០រៀល ក្នុង១គីឡូក្រាមទៅចុះ សរុប៥តោនបានតែ៤.៥០០.០០០រៀលតែប៉ុណ្ណោះ គឺចាញ់ស្រូវសែនក្រអូប ដែលក្នុង១ហិកតាទទួលបានទិន្នផលត្រឹមតែជាង៣តោនក៏ពិតមែន តែអាចលក់បានលុយរហូតដល់៤.៥៥០.០០០ រៀលឯណោះ។
លោក អ៊ន ស៊ាង ចៅសង្កាត់រងទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ថា អាជ្ញាធរសង្កាត់បានធ្វើការផ្សព្វ ផ្សាយទៅដល់បងប្អូនប្រជាកសិករឱ្យចាប់អារម្មណ៍មកលើការធ្វើស្រូវពូជសែនក្រអូបវិញ ដោយយើងមិនភ័យនឹងតម្លៃរបស់វាឡើយ ព្រោះវាមានតម្រូវការនៅក្រៅប្រទេស នាំឱ្យយើងមានទំនុកចិត្តក្នុងការដាំ ដុះ និងបានណែនាំឱ្យប្រជាកសិកម្មចងក្រងគ្នាជាក្រុមដើម្បីធ្វើការដាំដុះជាការពិសោធន៍សិន តែស្ថិត ក្រោមការជ្រោមជ្រែងសព្វបែបយ៉ាងពីផ្នែកជំនាញ និងផ្នែកពាក់ព័ន្ធនានា។
ដោយឡែក លោក គង់ សាមឿន ជាកសិករនៅក្នុងមូលដ្ឋានខាងលើបានគូសបញ្ជាក់ថា លោកនឹងងាកមករកការធ្វើស្រូវពូជសែនក្រអូបនេះវិញ ព្រោះវាមានតម្លៃខ្ពស់ទោះបីជាវាផ្តល់ទិន្នផលទាបជាងស្រូវពូជផ្សេងក៏ដោយ តែស្រូវសែនក្រអូបជាង៣តោន ក្នុង១ហិកតាអាចលក់បានលុយច្រើន ជាងស្រូវពូជផ្សេងដែលមានទម្ងន់រហូតទៅដល់៥តោន ក្នុង១ហិកតាទៅទៀត។ លោកបានអំពាវនាវឱ្យបងប្អូនប្រជាកសិករងាកមកធ្វើស្រូវសែនក្រអូបនេះឱ្យបានគ្រប់ៗគ្នា៕
ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង