ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រឆាំងព័ត៌មានក្លែងក្លាយ នៅខែឧសភាខាងមុខនេះ

15

ភ្នំពេញ៖ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា បញ្ហាប្រឆាំងព័ត៌មានក្លែងក្លាយ មិនមែនជាបញ្ហាដោយឡែករបស់កម្ពុជាទេ តែវាជារឿងរួមរបស់ពិភពលោកទាំងមូល ហើយសមាជិកអាស៊ានបានគាំទ្រ ប្រទេសកម្ពុជា ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រឆាំងព័ត៌មានក្លែងក្លាយ នៅខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។
ការឱ្យដឹងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្ដមរួមជាមួយឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីផ្សព្វផ្សាយស្តីពី «ការលើកកម្ពស់ វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ដោយសំដៅបង្ការ ទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ផ្តល់សុវត្ថិភាព និងភាពជឿជាក់ដល់សាធារណជន និងទេសចរអន្តរជាតិដែលមានបំណងមកទស្សនាកម្សាន្តនៅកម្ពុជា ក៏ដូចជាទាក់ទាញទេសចរមកទស្សនាកម្ពុជាកាន់តែច្រើនឡើង។
ចំពោះសកម្មភាពប្រឆាំងព័ត៌មានក្លែងក្លាយ, ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា ទី១៖ គឺសកម្មភាពរុញតាមប្រព័ន្ធអនឡាញ, ទី២៖ ការធ្វើសកម្មភាពតាមរយៈពាក្យស្លោក ការអប់រំ ការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងការផ្តល់នូវគំនិត និងចំណេះជំនាញដើម្បីឱ្យពលរដ្ឋដឹងកាន់តែច្រើន ដើម្បីងាយស្រួលបែងចែកច្បាស់ថា តើព័ត៌មានមួយណាពិត និងព័ត៌មានមួយណាក្លែងក្លាយ។ ជាមួយគ្នានេះចំពោះបញ្ហាព័ត៌មានក្លែងក្លាយ គឺមិនមែនកើតមានតែនៅកម្ពុជាឡើយ ពោល គឺកើតមានទូទាំងពិភពលោកដែលត្រូវមានវិធានការលើបញ្ហាទាំងនេះ។
ឯកឧត្ដមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «បញ្ហាប្រឆាំងព័ត៌មានក្លែងក្លាយ មិនមែនជាបញ្ហាដោយឡែករបស់កម្ពុជាទេ តែ វាជារឿងរួមរបស់ពិភពលោក បណ្តាប្រទេសណាក៏ជួបប្រទះ អ៊ឹចឹងចលនានៅក្នុងអាស៊ានយើងទទួលបានការគាំទ្រ ហើយនៅក្នុងខែឧសភា ឆ្នាំ២០២៥ខាងមុននេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រឆាំងព័ត៌មានក្លែងក្លាយ ដែលជាចលនាមួយដើម្បីរួមគ្នាក្នុងការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ»។
ជាមួយគ្នានេះដែរ ឯកឧត្ដន រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ មានព័ត៌មានក្លែងក្លាយចំនួន ៣,២០៨ករណី ដែលត្រូវបានផ្សព្វផ្សាយ ហើយក្នុងឆ្នាំ២០២៤ មានព័ត៌មានក្លែងក្លាយចំនួន ៣,៦៥១ករណី ដែលមានការកើនឡើងចំនួនជាង ៤០០ករណី បើប្រៀបនឹងឆ្នាំ២០២៣។ ពោលក្នុង១ខែ យ៉ាងហោចណាស់មានព័ត៌មានក្លែងក្លាយចំនួន២០០ ទៅ៣០០ករណី ត្រូវបានផ្សព្វផ្សាយ។ ឆ្លើយតបនឹងបញ្ហានេះក្រសួងព័ត៌មាន ក៏បានសហការជាមួយក្រសួងពាក់ព័ន្ធ ដូចជា ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការបង្ក្រាប ទប់ស្កាត់លើករណីនេះ។
ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ ឆ្លើយតបនឹងព័ត៌មានក្លែងក្លាយដែលកំពុងតែរីកពីមួយថ្ងៃ ទៅមួយថ្ងៃនេះ, ឯកឧត្ដមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា នៅពេលមានព័ត៌មានក្លែងក្លាយបានកើតឡើង ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវតែមានវិធានការដោយចេញមកច្រានចោល ប្រតិកម្ម ឆ្លើយតបលើព័ត៌មានក្លែងក្លាយនេះឱ្យទាន់ពេលវេលា ដោយយកព័ត៌មានពិតមកបញ្ជាក់។ ពីព្រោះព័ត៌មានក្លែងក្លាយ កាលណាយើងទាំងអស់គ្នាទុកពេលវេលាឱ្យព័ត៌មានក្លែងក្លាយ ដឹកមុខយើងកាន់តែយូរ នោះហានិភ័យដែលកើតចេញពីព័ត៌មានក្លែងក្លាយ កាន់តែច្រើន។
«អ៊ឹចឹងយើងមិនអាចទុកឱ្យវាដឹកមុខយើងនោះទេ អ៊ឹចឹងឱសថដ៏ពូកែស័ក្ដិសិទ្ធិ ដែលអាចចម្ចាត់ព័ត៌មានក្លែងក្លាយបាន អត់មានអីក្រៅពីដាក់ការពិតនោះទេ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងក្រសួងគ្រោងនឹងបើក «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ» នាចុងខែមករា ឆ្នាំ២០២៥នេះ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជនចំពោះព័ត៌មានក្លែងក្លាយ និងកុំឱ្យប្រជាជនងាយលង់ជឿជាមួយព័ត៌មានប្រឌិត ដែលមានប្រភពមិនច្បាស់លាស់។
ឯកឧត្ដមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា យុទ្ធនាប្រឆាំងព័ត៌មានក្លែងក្លាយនេះដើម្បីឱ្យពលរដ្ឋបានដឹងពីព័ត៌មានក្លែងក្លាយ ហើយមុននឹងជឿព័ត៌មានអ្វីមួយ តើត្រូវឈរលើមូលដ្ឋានអ្វីខ្លះ? ដូចជាការផ្ទៀងផ្ទាត់ប្រភព ការពិនិត្យមើលថា តើប្រភពត្រឹមត្រូវទេ? បន្ថែមពីនេះ យុទ្ធនាការនេះ ក៏មានបំណង ទប់ស្កាត់ និងបង្ការដើម្បីកុំឱ្យមានការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយកាន់តែច្រើន។ ត្រង់ចំណុចនេះ ឯកឧត្ដមបញ្ជាក់ថា ក្រសួងបានផ្តោតលើសន្តិសុខព័ត៌មាន៣សំខាន់ គឺការធានាសិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋ, គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ព្រោះបច្ចុប្បន្នលោកថា សម្បូរដោយព័ត៌មានក្លែងក្លាយច្រើន។ ឯកឧត្ដម បានសង្កត់ធ្ងន់ថា នៅពេលដែលមានព័ត៌មានក្លែងក្លាយកើតឡើង អ្វីដែលត្រូវចាត់វិធានការបន្ទាន់ គឺការឆ្លើយតប ប្រតិកម្ម ច្រានចោលនូវព័ត៌មានមិនពិតនោះ ហើយបកស្រាយព័ត៌មានពិតមកវិញ៕

អត្ថបទដែលជាប់ទាក់ទង