នាយកប្រតិបត្តិអង្គឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ថាការវិលត្រឡប់របស់លោក ត្រាំ គំរាមកំហែងដល់សេរីភាព
ក្រុងហ្សឺណែវ៖នាយកប្រតិបត្តិអង្គឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លោកស្រី Tirana Hassan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករាថាការវិលត្រឡប់មកដឹកនាំ សេតវិមានរបស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ នៅថ្ងៃទី២០ ខែមករា នឹងគំរាមកំហែងដល់សេរីភាពទាំងនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក ជាមួយការព្រមានថា អាណត្តិទី២របស់លោក ត្រាំ អាចនឹងគំរាមកំហែងដល់សេរីភាពខ្លាំងជាងអាណត្តិទី១ទៅទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការកត់សម្គាល់បែបនេះរបស់លោកស្រី Tirana Hassan កើតមានឡើងចំពេល Human Rights Watch ដែលមានមូលដ្ឋានក្នុងទីក្រុងញូវយ៉ក បានចេញផ្សាយរបាយការណ៍សកលរបស់ ខ្លួនស្ដីពីស្ថានការណ៍សិទ្ធិមនុស្សនៅក្នុងប្រទេសច្រើនជាង១០០។ ថ្លែងទៅកាន់ Reuters លោកស្រី Tirana Hassan បានគូសបញ្ជាក់ដូច្នេះថា «អាណត្តិទី១នៃរដ្ឋបាលលោក ត្រាំ បានបង្ហាញពួកយើងរួចហើយនូវការខ្វះខាតការប្ដេជ្ញាចិត្តចំពោះសិទ្ធិមនុស្ស។ ប៉ុន្តែ គម្រោង២០២៥ ឬ Project 2025 និងសេចក្ដីថ្លែងការណ៍ដែលយើងបានស្ដាប់ឮពីអនាគតប្រធានាធិបតី បានចាប់ផ្ដើមបង្ហាញថាវានឹងមានការវាយប្រហារយ៉ាងខ្លាំងមួយលើសិទ្ធិរបស់ជនអន្តោប្រវេសន៍»។ លោកសី្រលើកឡើងដូច្នេះគឺចង់សំដៅលើផែនការបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ ទ្រង់ទ្រាយធំរបស់លោក ត្រាំ។
គួរបញ្ជាក់ថា លោកស្រី Tirana Hassan ក៏បានរិះគន់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ផងដែរសម្រាប់ការផ្ដល់អាវុធទៅឱ្យអ៉ីស្រាអែល ដែលត្រូវបានប្រើប្រាស់ក្នុងការប្រព្រឹត្តអំពើ ឃោរឃៅ នៅក្នុងសង្រ្គាមហ្កាហ្សា៕