ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលអ៉ីស្រាអែល អនុម័តលើកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា

16

ក្រុងហ្ស៊េរុយសាឡិម៖ការិយាល័យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាន ឱ្យដឹងថាគណៈរដ្ឋមន្ត្រីអ៉ីស្រាអែលបានបោះឆ្នោតអនុម័តហើយលើបទឈប់បាញ់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង នៅថ្ងៃសៅរ៍ ទី១៨ ខែមករា ដោយបិទបញ្ចប់ភាពមិនច្បាស់លាស់ប៉ុន្មានថ្ងៃមកនេះថាតើបទឈប់បាញ់អាចនឹងចូលជាធរមាននៅចុងសប្ដាហ៍នេះ ដែរឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បទឈប់បាញ់ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃអាទិត្យ ទី១៩ ខែមករា ត្រូវបានរំពឹងថានឹងបញ្ឈប់ការវាយប្រយុទ្ធគ្នា រួមទាំងការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា។ បទឈប់បាញ់ នៅក្នុងដំណាក់កាលទី១នេះ ក៏នឹងសម្រួលឱ្យមានការដោះលែងចំណាប់ខ្មាំង៣៣នាក់ ដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សាផងដែរ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន។
ក្នុងសេចក្ដីប្រកាសនៅព្រឹកថ្ងៃសៅរ៍នេះ ការិយាល័យលោក Netanyahu បានគូសបញ្ជាក់យ៉ាងខ្លីថា «រដ្ឋាភិបាលបានអនុម័តហើយលើផែនការដោះលែងចំណាប់ខ្មាំង»។
គួរបញ្ជាក់ថា បើតាមយោធាអ៉ីស្រាអែល ចំណាប់ខ្មាំង ២៥១នាក់ត្រូវបានក្រុមហាម៉ាសចាប់ពង្រត់ចូលទៅក្នុងតំបន់ហ្កាហ្សា ក្រោយការវាយប្រហារកាលពីថ្ងៃ៧ ខែតុលា ឆ្នាំ២០២៣ លើ ភាគខាងត្បូងអ៉ីស្រាអែល។ ក្នុងចំណោមចំណាប់ខ្មាំងទាំងនេះមាន៩៤នាក់ កំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា ហើយក្នុងចំណោមពួកគេទៀតសោតមាន៣៤នាក់ត្រូវបានជឿថាបានស្លាប់៕

អត្ថបទដែលជាប់ទាក់ទង