ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧក្រិដ្ឋជន៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាប ក្រោយបន្លំស្លៀកឯកសណ្ឋានអាវុធហត្ថ និងនគរបាល ហើយចាប់ជំរិតទារប្រាក់នៅភូមិសាស្រ្តខេត្តព្រះសីហនុ

14


ភ្នំពេញ៖ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសេចក្តីប្រកាសព័ត៌មាន ជូនសាធារណជន អំពីក្រុមឧក្រិដ្ឋជនក្លែងបន្លំជាសមត្ថកិច្ច ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ និងឯកសណ្ឋាននគរបាលជាតិ ធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ (កំហែងយក) ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងជំនាញព័ត៌មានសន្តិសុខនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ពន្លាតដែនសមត្ថកិច្ចពីខេត្តព្រះសីហនុ ដល់រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៥នាក់ មានដូចខាងក្រោម៖
ទី១៖ ឈ្មោះ ភិន សាឌីម ភេទប្រុស អាយុ២៦ឆ្នាំ
ទី២៖ ឈ្មោះ ហៃ ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ
ទី៣៖ ឈ្មោះ កុល មុន្នីរ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ
ទី៤៖ ឈ្មោះ ហែម សុគន្ធ ភេទប្រុស អាយុ៣៦ឆ្នាំ
និងទី៥៖ ឈ្មោះ មឿន វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ។
អំពីដំណើររឿងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលបណ្ដឹងថា មានមន្ត្រីកងរាជអាវុធហត្ថចំនួន៤នាក់ ទៅ៥នាក់ បានចាប់ឆែកឆេររថយន្ត និងបានចោទថាជនរងគ្រោះដឹករបស់ខុសច្បាប់ (ម៉ាស៊ីនផ្សព្វផ្សាយល្បែងអនឡាញ) និងគំរាមទារប្រាក់ពីជនរងគ្រោះចំនួន ៣,០០០ដុល្លារ បើមិនព្រមទេនឹងចាប់ទាំងមនុស្ស រថយន្ត និងម៉ាស៊ីនយកទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួចជនរងគ្រោះក៏យល់ព្រមប្រគល់ប្រាក់សុទ្ធចំនួន ៣,០០០ដុល្លារ ឱ្យទៅពួកជនសង្ស័យនោះ។
ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ និងចាប់យកវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន។ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
ក្រុមរបស់ជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពគំរាមយកប្រាក់ពីជនរងគ្រោះ មានដូចជាជនជាតិចិន និងជនជាតិខ្មែរ យកបានប្រាក់ចំនួនប្រមាណ ១០,០០០ដុល្លារ ដោយធ្វើសកម្មភាពក្នុងទីតាំងសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
កងរាជអាវុធហត្ថ សូមអំពាវនាវដល់សាធារណជន មេត្តាចូលរួមសហការផ្តល់ព័ត៌មានដល់កម្លាំងសមត្ថកិច្ច ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស រក្សាសន្តិសុខ សុវត្ថិភាពសង្គម៕

អត្ថបទដែលជាប់ទាក់ទង