ឯកឧត្ដម ឃួង ស្រេង ថ្លែងថា៖ ឆ្នាំ២០២៤កន្លងទៅរដ្ឋបាលរាជធានីបានផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋតាមរយៈអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញបានចំនួន ១០១.៧០០សេវា ដែលក្នុងមួយថ្ងៃទទួលបាន២៧៣សេវា
ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ បានធ្វើពីធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
ក្នុងឱកាសនៃការអញ្ជើញអធិបតីបើកសន្និបាតនេះ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ឆ្នាំ២០២៤កន្លងមកនេះ រដ្ឋបាលរាជធានីបានផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋតាមរយៈអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលរាជធានីភ្នំពេញបានចំនួន ១០១.៧០០សេវា ដែលក្នុងមួយថ្ងៃទទួលបាន២៧៣សេវា ទទួលបានចំណូលសរុប ៤៨.៣៩៤.៧៣១.៣៥០រៀល ស្មើនិងជាង១២សែនដុល្លារ។បានទទួលបណ្ដឹង សំណូមពរ និងធ្វើការសម្របសម្រួលដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ដែលមកស្នើសុំប្រើប្រាស់សេវាបានចំនួន ២៧០នាក់។ ចំនួនភ្ញៀវជាតិ អន្តរជាតិមកចូលទស្សនាតាមរមណីយដ្ឋាននានានៅក្នុងរាជធានីមានចំនួនជាង១១លាននាក់ ដែលមានកំណើតកើនឡើងជាង៦៣ភាគរយ បើប្រាប់ធៀបឆ្នាំ២០២៣។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីបានបន្តថា នៅឆ្នាំ២០២៤ រាជធានីភ្នំពេញ មានសំណង់ បណ្តុំផ្ទះលែ្វងចំនួន៤៥៣កន្លែង មានអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅចំនួន១៨៧៧អគារ មានរោចក្រចំនួន៨១១រោងចក្រ កើនឡើង១៨រោងចក្រ។
ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា៖ ដើម្បីបានជាធាតុចូលសំខាន់ៗ ក្នុងអង្គសន្តិបាតនេះ ក្រុមប្រឹក្សា និងរដ្ឋបាលរាជធានីភ្នំពេញ បានលើកយកប្រធានបទចំនួន៦ មកពិភាក្សា ក្នុងនោះរួមមាន៖
១-ពិភាក្សាលើ ចំណុចខ្លាំង និងចំណុចខ្សោយ នៃការផ្ទេរមុខងារវិស័យអប់រំ ៣កម្រិត (ថ្នាក់មត្តេយ្យ ថ្នាក់បឋម និងអប់រំក្រៅប្រព័ន្ធ)។
២-ការពង្រឹងនិយ័តកម្មសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល នៅតាមមូលដ្ឋានសេវាសុខាភិបាលឯកជន និងលុបបំបាត់សេវាសុខាភិបាលឯកជន ខុសច្បាប់នៅរាជធានីភ្នំពេញ។
៣-ការគ្រប់គ្រងសណ្តាប់ធ្នាប់ការលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈ។
៤-ការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពសំណង់អគារខ្ពស់ៗ សំណង់ដែលផ្អាកការ សាងសង់និងសំណង់ទ្រុឌទ្រោមហួសការកំណត់ស្នាក់នៅ ដើម្បីលើកជាសំណើរទៅក្រសួង ដោយសារតែភ្នំពេញយើងជាទីក្រុងដែលមានវ័យចំណាស់។
៥-ការគ្រប់គ្រងសំណល់ប្លាស្ទិចតាមប្រព័ន្ធលូ-ប្រឡាយ និងស្ថានីយបូមទឹក ឈានទៅដល់ការផាកពិន័យចំពោះអ្នកចោលសំណល់ប្លាស្ទិចតាមប្រព័ន្ធលូ-ប្រឡាយ និងស្ថានីយបូមទឹកទាំងនេះ។
៦-ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយផ្តោតលើ ការ បង្ការ បង្ក្រាប និងលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ និងការគ្រប់គ្រងជនអន្តោប្រវេសន៍ សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ៕