កក្តាសុខសន្តិភាពពេញផ្ទៃប្រទេសបែបនេះមានសារសំខាន់បំផុតធ្វើឱ្យរាជធានីភ្នំពេញក្នុងឆ្នាំ២០២៤ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនជាង១១លាននាក់ កើនឡើងជាង៦៣ភាគរយ
ភ្នំពេញ៖កក្តាសុខសន្តិភាពពេញផ្ទៃប្រទេសបែបនេះមានសារសំខាន់បំផុតធ្វើឱ្យរាជធានីភ្នំពេញនិយាយដោយឡែកគួរជាទីមោទនៈ ពិសេសក្នុងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមថែរក្សាការពារបានល្អប្រសើរនៅគ្រប់ព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ដែលបានធ្វើឱ្យរាជធានីភ្នំពេញទទួលបានកំណើនចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកចូលទស្សនាតាមរមណីយដ្ឋាននានានៅក្នុងរាជធានីភ្នំពេញមួយឆ្នាំ២០២៤មានចំនួនជាង១១លាននាក់ ដែលមានកំណើតកើនឡើងជាង៦៣ភាគរយ បើប្រាប់ធៀបឆ្នាំ២០២៣។ត្រូវចងចាំគ្មានទេសចរណាទៅទស្សនាឬធ្វើទស្សនកិច្ច ក្នុងប្រទេសដែលគ្មានសន្តិភាពឡើយ!។
នៅរសៀលថ្ងៃទី២១ មករា បន្តអង្គសន្និបាតជាមួយការរៀបចំបែកចែកក្រុមពិភាក្សាចំនួន៦ ដឹកនាំដោយឯកឧត្ដម និងលោកជំទាវ អភិបាលរងរាជធានីភ្នំពេញធ្វើកាតពិភាក្សារកដំណោះស្រាយលេីបញ្ហាប្រឈម ក៏ដូចជារិះរកវិធានគន្លឹះសំខាន់ៗ និងដាក់ស្នើសុំការសម្រេចពីអង្គសន្និបាត និងថ្នាក់ដឹកនាំ លេីប្រធានបទសំខាន់ៗចំនួន ៦ សម្រាប់ជាចក្ខុវិស័យក្នុងការអនុវត្តការងារឆ្នាំ២០២៥ បន្តដើម្បីចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញ ពិសេសបន្តបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានប្រកបដោយតម្លាភាព ប្រសិទ្ឋភាព ដើម្បីរិះរកយន្ដការថ្មីៗ ក្នុងការអភិវឌ្ឍ និងបម្រើសេវាជូនប្រជាពលរដ្ឋ។
ថ្លែងពេលបើសន្និបាតឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឆ្នាំ២០២៤កន្លងមកនេះ រដ្ឋបាលរាជធានីបានទទួលបណ្ដឹង សំណូមពរ និងធ្វើការសម្របសម្រួលដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ដែលមកស្នើសុំប្រើប្រាស់សេវាបានចំនួន២៧០នាក់។
ឯកឧត្ដម ឃួង ស្រេង បានបន្តថាក្នុងឆ្នាំ២០២៤កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តខិតខំយកចិត្តទុកដាក់ និងបំពេញតួនាទីយ៉ាងសកម្ម ក្នុងនាមរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍រដ្ឋបាលឯកភាព នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារសំខាន់ៗ គួរជាទីមោទនៈ ពិសេសក្នុងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនៅគ្រប់ព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការកែលម្អអនាម័យ-បរិស្ថាន ការផ្តល់សេវាសាធារណៈ និងការងារកំណែទម្រង់តាមវិស័យ ដែលជាផ្នែកមួយជួយជំរុញដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ។
រដ្ឋបាលរាជធានីភ្នំពេញថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ដែលបានបង្កើតឱ្យមានយន្តការក្រុមការងារចុះមូលដ្ឋាន ដោយតាមរយៈសកម្មភាព និងសមិទ្ធផលក្រុមការងារសម្រេចបាន គឺឆ្លុះបញ្ចាំងឲ្យឃើញថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បានខិតខំជំរុញលើកទឹកចិត្ត និងគាំទ្រទាំងស្មារតី ធនធាន សម្ភារៈ តាមគ្រប់រូបភាព និងមធ្យោបាយជួយដល់រដ្ឋបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក្នុងការអភិវឌ្ឍមូលដ្ឋាន បំពេញបន្ថែមនូវចំណុចខ្វះចន្លោះណាមួយ របស់រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ-សង្កាត់ បានកាន់តែប្រសើរថែមទៀត ក្នុងការជួយលើកកម្ពស់កម្រិតជីវភាព។ ជាមួយគ្នានេះ ក៏បានចូលរួមចំណែកឆ្លើយតបសំណូមពរ និងការដោះស្រាយបញ្ហាប្រឈមខ្លះៗ របស់ប្រជាពលរដ្ឋបានជាបណ្តើរៗ។
ទន្ទឹមនឹងលទ្ធផល ដែលសម្រេចបានជាវិជ្ជមាន រដ្ឋបាលរាជធានីភ្នំពេញ នឹងព្យាយាមបន្តប្រមូលផ្តុំកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីបន្តគ្រប់គ្រង និងដោះស្រាយឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត លើការងារអាទិភាពសំខាន់ៗ ពិសេសការបំពេញតួនាទី ភារកិច្ច ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសមធម៌៕